កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីឃាត់ខ្លួនអ្នកលេង៤នាក់
ភ្នំពេញ៖ កម្លាំង ចម្រុះគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដោយមានការសម្របសម្រួល ពីលោក សេង ហៀង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ជា ពិសី អភិបាល នៃ គណៈអភិបាលខណ្ឌ ឫស្សីកែវ កាលពីវេលាម៉ោង ០៤និង១០នាទីរសៀលថ្ងៃទី០៥ខែកក្កដា ឆ្នាំ២០១៩ បានចុះបង្ក្រាបទីតាំង បនល្បែង សុីសង ខុសច្បាប់ ហ្គេមបាញ់ត្រី មួយកន្លែង (សញ្ញាសម្គាល់ LY114)នៅក្រោមអាគារផ្ទះជួលមួយកន្លែងជាប់នឹងអតីតផ្លូវរថភ្លើង ក្រុមទី១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
បើតាមរបាយការណ៍របស់អាជ្ញាធរ បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តការបង្ក្រាបនោះ កម្លាំងគណៈបញ្ជាការឯកភាពបានឃាត់ខ្លួនក្រុមអ្នក ញៀនល្បែងហ្គេមបាញ់ត្រី បានចំនួន៤នាក់ និងដកហូតទូរហ្គេមបាញ់ត្រីចំនួន២គ្រឿងនិងទូរហ្គេមពុងបៀ៦ គ្រឿង - ដែលម្ចាស់ទីតាំងមានឈ្មោះ ទ្រី ម៉េងហ៊ង ។
ក្រោយពេលបង្ក្រាប និងដកហូតវត្ថុតាង រួចត្រូវបានដឹកជញ្ជូនទៅរក្សាទុក បណ្ដោះអាសន្ន នៅរដ្ឋបាលខណ្ឌ ចំណែកឯក្រុមអ្នកញៀនល្បែងទាំង៤នាក់ ត្រូវនគរបាល នាំខ្លួនយកទៅកាន់ ប៉ុស្តិ៍នគរបាលទួលសង្កែ១ដើម្បីអនុវត្តតាមនីតិវិធីបន្ត។ ចំពោះ ទីតាំងខាងលើ ត្រូវបានបិទទ្វារចោលជាបណ្ដោះអាសន្ន ៕