ខ្លាំងមែន! ទីតាំងណេត បង្កប់ល្បែងសុីសង ជិតស្តុបសំណង់១២សូម្បីតែអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌទួលគោកក៏មិនហ៊ានបង្ក្រាបដែរ
ភ្នំពេញ៖ បើទោះបីជាមានបទបញ្ជារយ៉ាងម៉ឺងម៉ាត់ របស់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ បានដាក់ឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំង១៤ខណ្ឌ រឹតបន្តឹង នឹង បង្ក្រាបទីតាំងបង្កប់ល្បែងសុីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏គេនៅសង្កេត ឃើញថា ទីតាំងបង្កប់ល្បែងសុីសង នៅក្នុងខណ្ឌ ទួលគោកនៅតែកើតមានជាច្រើនកន្លែងដោយនៅមិនទាន់ ឃើញអាជ្ញាធរ មាន សមត្ថកិច្ច ខណ្ឌអនុវត្ត តាមបទបញ្ជាបាននៅឡើយទេ។
ជាក់ស្ដែង ទីតាំង បើក អុីនធឺណេត បង្កប់ល្បែងសុីសង ខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែងនៅតាមបណ្ដោយផ្លូវលេខ(១៨២)ជាប់និងស្តុបសំណង់( ១២ )ក្នុងសង្កាត់ទឹកល្អក់២ខណ្ឌទួលគោក រាជធានីភ្នំពេញ កំពុងតែបើកដំណើរការយ៉ាងរលូន ដោយមិនរំខាងដល់ អាជ្ញាធរមានសមត្ថកិច្ច មូលដ្ឋានឡើយ ។
យោងតាមប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា ទីតាំងបនល្បែងមួយនេះ តែងតែមានក្រុមក្មេងទំនើង និងក្រុមអ្នកញៀនល្បែងចេញចូលពពាក់ពពួនបង្កភាពអសន្តិសុខក្នុងសង្គមដូច្នេះហើយប្រជាពលរដ្ឋ សូមសំណូម ពរដល់លោក ឯក ឃុន ឌឿន អភិបាល ខណ្ឌនិងលោក សុខ ហេង អធិការ ខណ្ឌសូមមេត្តាពិនិត្យមើលទីតាំង បនល្បែងមួយនេះផងព្រោះល្បែងសុីសង ទាំងនេះដែល បង្កើតឲ្យមានបទល្មើស ចោរលួច ចោរឆក់ ចោរប្លន់ ជាដើម ។ ល។
-សូមរំលឹកថា កន្លងទៅថ្មីៗនេះកាលពីថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដម អភិបាលនៃគណៈអភិបាល រាជធានី ភ្នំពេញ បានដាក់បទបញ្ជាដល់ អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវតែដោះស្រាយបញ្ហាល្បែងស៊ីសងខុសច្បាប់ឱ្យខានតែបានដោយមិនមានការលើកឡែងឲ្យបានឡើយដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងសង្គម ជួនប្រជាពលរដ្ឋ ។
ពលរដ្ឋបានលើកឡើងនិងរិះគន់ថា បើកទោះ ជាមានបទបញ្ជារបស់ ឯកឧត្ដម ឃួង ស្រេងអភិបាល រាជធានីភ្នំពេញ យ៉ាងណាក៏ដោយក៏ អភិបាលខណ្ឌទួលគោក និងលោកអធិការមិនអើពើខ្វាយខ្វល់ អនុវត្ថតាមបទបញ្ជា បង្ក្រាប បនល្បែងទាំងនោះឡើយ ផ្គើននិងចំណាត់ការ របស់ថ្នាក់លើក ហាក់បីដូចជាវិធានការនិងបទបញ្ជារបស់ ឯកឧត្ដម ឃួង ស្រេង គ្មានប្រសិទ្ធិភាព ៕