Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

មន្ត្រីបញ្ជាការដ្ឋានកងទ័ពជើងអាកាសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនស្ត្រីម្នាក់ ជាមន្ត្រី​ បញ្ជាការដ្ឋានកងទ័ពជើងអាកាសតាម​ ដីកាបញ្ជាឲ្យចូលខ្លួនរបស់​លោក ខៀវ ផល្លា តំណាងអយ្យការអម​សាលាដំបូងរាជធានីភ្នំពេញ រួចបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។

បច្ចុប្បន្នស្ត្រីជាប់ចោទកំពុងស្ថិតក្រោមចំណាត់ការរបស់លោក យិច ឈាណាវី ជា​ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសម្រេចថាឃុំខ្លួន ឬមិនឃុំខ្លួនជា​បណ្តោះអាសន្ន។

យោងតាមដីកាបញ្ជាឲ្យចូលខ្លួនចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ស្ត្រីត្រូវចោទមានឈ្មោះ ម៉ី ផានិត អាយុ ៤៤ឆ្នាំមានតួនាទីជាជំនួយ​ការ​សម្ភារ នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស មានទីលំនៅផ្ទះលេខ១០៣ ផ្លូវលេខ០៣ ភូមិ​ក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែន​សុខ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីត្រូវជាប់ចោទឈ្មោះ ម៉ី ផានិត បានប្រើប្រាស់តួនាទី របស់ខ្លួននៅក្នុងបញ្ជាការដ្ឋានកងទ័ពជើងអាកាស ដើរបោកប្រាស់លុយពីជនរងគ្រោះ ដែលចង់ចូលធ្វើមន្ត្រីយោធា ក្នុងក្របខ័ណ្ឌក្រសួងការពារជាតិ ជិត២០នាក់ ក្នុងទំហំទឹកប្រាក់ជាង ១២ម៉ឺនដុល្លារ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ៕