ជនជាតិចិនម្នាក់ដើរសុខៗដួលផ្កាប់មុខស្លាប់សង្ស័យខ្យល់គរ
ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ដើរៗដួលផ្កាប់មុខដាច់ខ្យល់ស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៩ នៅចំណុចមុខហាង ម៉ាស្សាកោសជប់ យីហោ(ម៉េងជូ)ផ្លូវបេតុង ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
បើតាមសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា ដំបូងគេឃើញបុរសជនជាតិចិន២នាក់ដើរនៅកន្លែងកើតហេតុ ហើយម្នាក់បានចូលក្នុងហាងម៉ាស្សាកោសជប់ រីឯជនរងគ្រោះមិនបានចូលជាមួយនោះទេ ដោយបានដើរចុះដើរឡើង២ទៅ៣ជុំ ត្រង់ចំណុចកើតហេតុ។ លុះមួយសន្ទុះស្រាប់ តែដើរដួលផ្កាប់មុខ ធ្វើឲ្យប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុមានការភ្ញាក់ផ្អើល និងមានអ្នកខ្លះជួយលើកធ្វើចលនាដើមទ្រូង អ្នកខ្លះទៀតទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ឲ្យមកជួយសង្គ្រោះតែអកុសលខណៈពេទ្យមកដល់ ពនិត្យប្រាប់ថាជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញកោសល្យវិឆ័យឲ្យមកពិនិត្យ ទើបដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរ (គាំងបេះដូង)ពិតប្រាកដមែន រួចក៏ធ្វើឯកសារប្រគល់ឲ្យសាច់ញាតិ ឬអ្នកស្គាល់ជាជនជាតិចិនដូចគ្នា ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕