Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ពលរដ្ឋរស់នៅភូមិដើមគខណ្ឌជ្រោយចង្វារ​ស្ទើរបោះបង់ការធ្វើការដំណើរតាមផ្លូវខាងជើងស្ពានជ្រោយចង្វារដោយសារពិបាកខ្លាំងពេក

ភ្នំពេញ ​៖​ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិដេីមគរ​ សង្កាត់ជ្រោយចង្វា​រ ខណ្ឌជ្រោយចង្វា​រ រាជធានីភ្នំពេញសូមសំណូម​ពរ​យ៉ាងទទូចទៅដល់អាជ្ញាធរខណ្ឌជ្រោយចង្វារ មេត្តាជួយពិនិត្យ និងស្ថាបនា ផ្លូវ ១ខ្សែ នៅជាប់ខាងជើងគល់ស្ពានជ្រោយចង្វារ ត្រើយខាងកើត ដែលបច្ចុប្បន្ននេះ កំពុងរងការខូចខាតយ៉ាងខ្លាំង ដោយសាររថយន្តធុនធំដឹក គោ ក្របី នៅពេលយប់ជាអ្នកបំផ្លាញ ។ ដោយសារពិបាកខ្លាំងពេក ពួកគាត់រស់នៅក្នុងភូមិទាំងអស់ ស្ទើរតែបោះបង់ការការធ្វើដំណើរឆ្លងកាត់ផ្លូវនេះទៅហើយ ។

ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះរៀបរាប់​ប្រាប់ អ្នកសារព័ត៌មានឲ្យដឹងថា នៅក្នុងភូមិដេីមគរ​ សង្កាត់ជ្រោយចង្វា​រ ខណ្ឌជ្រោយចង្វា​រ រាជធានីភ្នំពេញ មានផ្លូវ ១ខ្សែ កំពុងរងការខូចខាតរាប់ឆ្នាំមក ហើយ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិធ្វើដំណើរទៅណាម្តងៗពិបាកខ្លាំងណាស់​ ខែប្រាំងក៏លំបាក ចំណែក​ ខែវស្សាភ្លៀងធ្លាក់ទឹកដក់ មានទាំងជង្ហុក តូច ធំ ជាច្រើនទៀតផង ធ្វើដំណើរឆ្លងកាត់ម្តងៗ សឹង្គតែទៅមិនរួច ។

ពលរដ្ឋប្រាប់បន្តអោយដឹងថា អ្នកធ្វើដំណើរទៅមក មានពេលខ្លះក៍មានការដួលកង់ ដួលម៉ូតូផងដែរ​ ដោយសារបុកជង្ហុក តូច ធំ នៅ​ក្នុង​ទឹកនោះប៉ុន្តែមិនរងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះ​ ទេ គ្រាន់តែប្រឡាក់ខោអាវទៅណាមិនកើត​ប៉ុណ្ណោះ ។ ពួកគាត់រស់នៅក្នុងភូមិទាំងអស់ ស្ទើរតែបោះបង់ការការធ្វើដំណើរឆ្លងកាត់ផ្លូវនេះទៅហើយ ប៉ុន្តែវាគ្មានជំរើស ទើបចេះតែទ្រាំទៅ ។

ប្រជាពលរដ្ឋបន្តទៀតឲ្យដឹងថា​ ផ្លូវ ១ខ្សែដែលរងខូចខាតខ្លាំងនេះ គឺបង្កឡើងដោយ​សារតែរថយន្តធុនធំៗដឹកជញ្ជូនសត្វគោ ក្របី យកទៅដាក់នៅ កុងស៊ីកាប់គោនៅខាងជើងភូមិរបស់ពួកគាត់​ ជារៀងរាល់យប់ ទេីប​បណ្តាល​ អោយផ្លូវនេះទ្រុឌទ្រោមកាន់តែខ្លាំងទៅៗបែបនេះ។

ដោយសារបញ្ហាទាំងអស់នេះ ពលរដ្ឋ សូមសំណូមពរយ៉ាងទទូចទៅដល់លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ មេត្តាជួយពិនិត្យមើល ក្នុងការជួសជុល ស្ថាបនាផ្លូវ ១ខ្សែនេះ ឲ្យបានល្អប្រសើរ ដើម្បីបំរើផល​ប្រយោជន៍ទូទៅដល់បងប្អូនប្រជាពល​រដ្ឋក្នុងការធ្វើដំណើរទៅមកបានស្រួល ៕