តុលាការលើកពេលប្រកាសសាលក្រមសំណុំរឿងឃាតកម្មលើលោកស្រីចេវសុវឌ្ឍនាទៅពេលក្រោយ
(ភ្នំពេញ)៖មិនដូចអ្វីដែលបានគ្រោងទុកឡើយព្រោះនៅព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០១៩នេះលោកហមម៉េងសែប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនិងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញពុំទាន់អាចប្រកាសសាលក្រមសំណុំរឿងឃាតកម្មលើលោកស្រីចេវសុវឌ្ឍនាដែលគេដឹងថាជាសង្សារលោកឡាយវណ្ណៈអតីតអភិបាលខេត្តតាកែវនៅឡើយទេ។
លោកហមម៉េងសែបានប្រកាសជូនសវនាការនាព្រឹកនេះថាដោយសារសំណុំរឿងនេះមានភាពស្មុគស្មាញពេកគម្បីក្រុមប្រឹក្សាជំនុំជម្រះត្រូវការពេលវេលាបន្ថែមដើម្បីពិនិត្យនិងពិចារណាឲ្យបានម៉ត់ចត់មុនពេលប្រកាសសាលក្រម។
ទោះជាយ៉ាងណាលោកហមម៉េងសែនៅមិនទាន់កំណត់ពេលវេលាជាក់លាក់នៃការប្រកាសសាលក្រមសំណុំរឿងឃាតកម្មមួយនេះនៅលឡើយទេ។
សូមជម្រាបជូនថាតុលាការបានចោទប្រកាន់លើជនជាប់ចោទឈ្មោះឡាយវណ្ណៈភេទប្រុសអាយុ៤៥ឆ្នាំអតីតអភិបាលខេត្តតាកែវនិងឈ្មោះឡាយណារិទ្ធភេទប្រុសអាយុ៤៦ឆ្នាំអតីតស្នងការរងនគរបាលខេត្តតាកែវនិងជាបងប្រុសរបស់លោកឡាយវណ្ណៈពីបទឃាតកម្មប្រព្រឹត្តនៅចំណុចផ្ទះជួលភូមិផ្សារតាកោសង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវកាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០១៨យោងតាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ។
ចំណែកជនជាប់ចោទឈ្មោះម៉េនសាម៉ៃភេទប្រុសអាយុ៣៦ឆ្នាំជាតៃកុងឡានរបស់លោកឡាយវណ្ណ: និងឈ្មោះជឹមវុធហៅថូតភេទប្រុសអាយុ៤១ឆ្នាំជាអ្នកបម្រើនៅផ្ទះរបស់លោកស្រីចែវសុវឌ្ឍនាពីបទលាក់បំបាំងតម្រុងប្រព្រឹត្តនៅចំណុចផ្ទះជួលភូមិផ្សារតាកោសង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវកាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០១៨យោងតាមមាត្រា៥៣២នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការនាពេលកន្លងមកក្រុមជនជាប់ចោទសុទ្ធតែបដិសេធថាពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការឡើយ។ដោយពួកគេបានត្រឹមសារភាពថាបានយកទូរស័ព្ទរបស់ជនរងគ្រោះទៅបោះចោលក្នុងបឹងតាម៉ុកដើម្បីបំបិទភស្តុតាងប្រាកដមែន។
រីឯសាក្សី, មន្ត្រីកោសល្យវិច័យនៅខេត្តតាកែវនិងឪពុកបង្កើតរបស់ជនរងគ្រោះសុទ្ធតែអះអាងនិងជឿជាក់ថាជនរងគ្រោះឈ្មោះចេវសុវឌ្ឍនាពិតជាចងកសម្លាប់ខ្លួនមិនមែនជារឿងឃាតកម្មនោះទេ។
ប៉ុន្តែមន្ត្រីជំនាញកោសល្យវិច័យក្រសួងមហាផ្ទៃបានសន្និដ្ឋានថាករណីជនរងគ្រោះចេវសុវឌ្ឍនាអាចជារឿងឃាតកម្មដែលបង្កឡើងដោយក្រុមជនជាប់ចោទទាំង៤នាក់ខាងលើ។
គួររំលឹកថាជនរងគ្រោះឈ្មោះចេវសុវឌ្ឍនាហៅស្រីពៅត្រូវគេប្រទះឃើញចងកស្លាប់ក្នុងបន្ទប់គេងរបស់នាងនៅក្នុងផ្ទះជួលដ៏ធំមួយដែលលោកឡាយវណ្ណៈជាអ្នកជួលឲ្យនៅក្នុងភូមិផ្សារតាកោរសង្កាត់រការក្នុងក្រុងដូនកែវខេត្តតាកែវកាលពីល្ងាចថ្ងៃទី២៦ខែមករាឆ្នាំ២០១៨កន្លងទៅ។
ភ្លាមៗករណីឃាតកម្មនេះត្រូវសមត្ថកិច្ចសន្និដ្ឋានថាជារឿងអត្តឃាតព្រោះតែវិបត្តិស្នេហាប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវសមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានរកឃើញថាករណីខាងលើមិនមែនជារឿងអត្តឃាតឡើយពោលគឺជារឿងឃាតកម្មដោយមានអ្នកបញ្ជានិងរៀបចំទុកសម្លាប់ជនរងគ្រោះ។ក្រោយពីបើកការស៊ើបអង្កេតសមត្ដកិច្ចជំនាញបានឃាត់ខ្លួនក្រុមជនជាប់ចោទទាំង៤នាក់ខាងលើបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕