Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ដោះលែងស្ត្រីថៅកែផលិតឡេក្លែងក្លាយជិត៣តោនឲ្យទៅផ្ទះវិញ រងចាំថ្ងៃជំនុំជម្រះផ្ទាល់ដែលមិនដឹងថាពេលជាក់លាក់

(ភ្នំពេញ)៖ លោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន បានសម្រេចដោះលែងស្ត្រីជាថៅកែរោងចក្រផលិត និងវេចខ្ចប់ឡេខុសច្បាប់ម្នាក់ឲ្យត្រឡប់ទៅផ្ទះវិញហើយ នេះបើយោងតាមការបញ្ជាក់ពីលោកព្រះរាជអាជ្ញារង គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ក្រោយបើកការស៊ើបសួរ លោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន បានសម្រេចចោទប្រកាន់ និងបញ្ជូនសំណុំរឿង ផលិត និងជួញដូរឡេដោយខុសច្បាប់ប្រមាណជិត៣តោននេះ ទៅជូនចៅក្រមបើកសវនាការជំនុំជម្រះផ្ទាល់។ ដោយឡែកជនត្រូវចោទ ត្រូវលោក ហ៊ឹង ប៊ុនថន ដោះលែងឲ្យទៅផ្ទះវិញសិន រងចាំថ្ងៃចូលខ្លួនមកសវនាការដែលមិនថាថ្ងៃណាឲ្យពិតប្រាកដនៅឡើយ។

សូមជម្រាបជូនថា ស្ត្រីត្រូវចោទឈ្មោះ សាន ហុងថន អាយុ៣២ ឆ្នាំ មុខរបរ លក់ឡេ ស្នាក់សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបាន កម្លាំងនគរបាល នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយមន្ត្រីនៃស្ថាប័នជំនាញពាក់ព័ន្ធ ដោយមានការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង ខាំ សុផារី ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងសិប្បកម្មផលិត វេចខ្ចប់ និងចែកចាយឡេ មួយកន្លែងមានទីតាំងផ្ទះលេខ១៤B ផ្លូវលំ ក្រុមទី៨ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការចុះបង្ក្រាបនោះ សមត្ថកិច្ច បានរឹបអូសវត្ថុតាង និងវត្ថុធាតុផ្សុំផលិតឡេដោយខុសច្បាប់ប្រមាណជា ២,៧០០​គីឡូក្រាម។

បន្ទាប់ពីឃាត់ខ្លួនយកទៅសាកសួរ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនស្ត្រីឈ្មោះ សាន ហុងថន ទៅឲ្យលោកព្រះរាជអាជ្ញាររង ហ៊ឹង ប៊ុនថន ដែលជាតំណាងអយ្យការ ដែលធ្លាប់រងការរិះគន់ថាបានដោះលែងចោរប្លន់ និងប្តូរបទចោទចោរប្លន់ពីធ្ងន់មកស្រាល ដោះលែងទៅផ្ទះវិញតាមផ្លូវច្បាប់៕