សមត្ថកិច្ចចម្រុះចាប់ជនជាតិចិនច្រើននាក់សង្ស័យករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៉ីនធឺណេត
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះ អគ្គស្នងការនគរបាលជាតិ ចុះបង្ក្រាបនិងឡោមព័ន្ធអាគារអាផាតមិន២ទីតាំងផ្សេងគ្នា ឃាត់ខ្លួនជនជាតិចិនជាច្រើននាក់។
ប្រតិបត្តិការនេះធ្វើឡើង ចាប់តាំងពីម៉ោង៣រសៀល រហូតដល់ម៉ោងជិត៩យប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅចំនុចអាគារអាផាតមិនលេខ១៩៤ ផ្លូវ៤៣០ ភូមិ៤ក្រុម២១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង និងទីតាំងមួយកន្លែងទៀត នៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង ដូចគ្នា ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះ មានកម្លាំងសមត្ថកិច្ចចម្រុះនៃអគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ការិយាល័យកណ្តាលសន្តិសុខ សហការ ជាមួយនគរបាលអន្តោប្រវេសន៍ និងនគរបាលមូលដ្ឋាន ។
សមត្ថកិច្ចបានឃាត់ខ្លួនបុរសជនជាតិចិន១០នាក់ និងដកហូតកុំព្យូទ័រ ជាច្រើនគ្រឿងនៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ចំណែកឯនៅសង្កាត់ទួលស្វាយព្រៃ១ខណ្ឌបឹងកេងកង បានជាច្រើននាក់បន្ថែមទៀត ដោយការចុះបង្ក្រាបក្រុមជនសង្ស័យនេះ គឺមានដីកាចាប់ខ្លួនរបស់នគរបាលចិន ។
តែទោះជាយ៉ាងណា សមត្ថកិច្ចមិនទាន់បានបញ្ជាក់ថា ការចុះបង្ក្រាបជនជាតិចិននេះជាករណីអ្វីឲ្យប្រាកដនៅឡើយទេ ប៉ុន្តែប្រភពព័ត៌មានបឋមពីកន្លែងកើតហេតុបានបង្ហើបថា គឺជាករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៉ីនធឺណេត ៕