ពុទ្ធោ!!សង្ស័យស្រវឹងបើករថយន្តបុករះរៀនទេវតា របងអធិការខណ្ឌឬស្សីកែវនិងរថយន្តនគរបាលមួយគ្រឿងខ្ទាតជិត១០០ម៉ែត្រ
ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តបុករះរៀនទេវតាបាក់ខ្ទេចនិងប្រអប់ភ្លើងធ្លាក់ចេញពីបង្គោល បន្តបុករបងអធិការខណ្ឌឬស្សីកែវ និងរថយន្ត ម៉ាកស្តារុិចមួយគ្រឿង របស់នគរបាល ផ្លោងជិត១០០ម៉ែត្រទៅបោកផ្ទប់ និងបង្គោលភ្លើង
គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះកើតឡើងនៅវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត្រចូលថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៩ នៅមុខអធិការរដ្ឋាននគរបាលខណ្ឌឬស្សី តាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត ម៉ាកឡិចសុីសLX-470 ពណ៌ស ស្លាកលេខភ្នំពេញ2BA-6082 បើកតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើងលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតមកស្តាំជ្រុលទៅបុករៀនទេវតាដាក់នៅមុខផ្ទះប្រជាពលរដ្ឋបាក់ខ្ទេច និងប្រអប់ភ្លើងនៅជាប់បង្គោលភ្លើងធ្លាក់ចុះក្រោម រួចបន្តទៅបុករបងអធិការខណ្ឌឫស្សីកែវ និងរថយន្តស្តារុិចពណ៌ត្រីអុីស្លាកលេខនគរបាល2-3135របស់ប៉ូលិសចតស្ងៀមផ្លោងជិត១០០ម៉ែត្រទៅបោកផ្ទប់ និងបង្គោលភ្លើងថ្មនៅផ្លូវម្ខាងទៀត ព្រមទាំងបង្គោលស្លាកសញ្ញាមួយដើមទ្រេត។ ចំណែករថយន្តបង្កខូចខាតយ៉ាងដំណំ ភ្លាមៗសមត្ថកិច្ចធ្វើកាឃាត់ខ្លួនអ្នកបើកបររថយបង្ក យកចូលក្នុងអធិការខណ្ឌសួនាំ ។
ក្រោយមកសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តបង្ករទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរងចាំដោះស្រាយទៅតាមផ្លូវច្បាប់៕