សមត្ថកិច្ចបង្ក្រាបទីតាំងល្បែងតាមប្រព័ន្ធអ៊ីនធឺណែតចាប់ខ្លួនជនជាតិចិន១០៥នាក់
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការណ៍បង្ក្រាបទីតាំងល្បែង តាមប្រព័ន្ធអ៊ីនធឺណែតនិងស្នាក់នៅខុសច្បាប់ ដោយ ឃាត់ខ្លួនជនជាតិចិន ប្រុសស្រីជាង១០០នាក់
ហេតុការណ៍នេះ បានធ្វើឡើងកាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៩ នៅផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវទ្រុងមាន់ សង្កាត់ អូរបែកក្អូម ខណ្ឌសែនសុខ ។
ក្នុងប្រតិបត្តិការនេះដឹកនាំដោយលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ព្រមទាំងនគរបាលមូលដ្ឋានខណ្ឌសែនសុខ ផងដែរ ។
សមត្ថកិច្ច បានឲ្យដឹងថា ជនជាតិចិន ប្រុសស្រីចំនួន១០៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្នុងនោះមានស្រីចំនួន១០នាក់ ព្រមទាំងដកហូតកុំព្យូទ័រលើតុ ៨០គ្រឿង។ សូមបញ្ជាក់ថា ទីតាំងអគារដែលសមត្ថកិច្ចបានចុះបង្ក្រាបនេះគឺដាក់ស្លាកយីហោជាសកលវិទ្យាល័យ ដើម្បីបន្លំភ្នែក អាជ្ញាធរមានសមត្ថកិច្ច ។
ក្រោយឃាត់ខ្លួនជនជាតិចិន ជាង១០០នាក់ទីតាំងកើតហេតុត្រូវបានបិតទ្វារ បណ្តោះអាសន្ន ចំណែកជនសង្ស័យជាជនជាតិត្រូវសមត្ថកិច្ចបញ្ចូនខ្លួនទៅកាន់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចាត់ការបន្តតាមច្បាប់ ៕