រន្ធត់ណាស់!!បុរសម្នាក់ត្រូវគេចាក់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ សង្ស័យប្លន់មិនបានសម្រេច
ភ្នំពេញ៖ បុរសម្នាក់ត្រូវជនមិនស្គាល់មុខចាក់និងកាំបិតចំភ្លៅរបួសធ្ងន់ រួចបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៩ នៅក្បែសំណង់ផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។
សពជនរងគ្រោះមានឈ្មោះ ជីន សុភា ភេទប្រុស អាយុ៣២ឆ្នាំ ជិះម៉ូតូម៉ាកហុងដា ឌ្រីមឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1R-8743 មានមុខរបរអ្នកដឹកឥវ៉ាន់តាមអនឡាញស្នាក់នៅផ្ទះជួលភូមិត្រពាំងល្វាសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ស្រុកកំណើតនៅ ភូមិខ្សាច់ឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះរត់ចេញពីកន្លែងសំណង់ផ្ទះល្វែង ទុកចោល មានចម្ងាយ ជាង១០០ម៉ែត្រ ពីកន្លែង រួចបានស្រែកហៅឲ្យគេជួយ ថាមានគេប្លន់គាត់ ហើយបានរត់មកទាំងខ្លួនត្រូវគេចាក់ចំជើងទាំងសងខាង រត់មកដួលក្នុងថ្លុកទឹករបួសធ្ងន់ធ្ងរ បន្ទាប់មកត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះតែអកុសលជនរងគ្រោះបានដាក់ខ្យល់ស្លាប់ពេលបញ្ជូនទៅដល់ពេទ្យ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះទៅកន្លែងកើតហេតុពិនិត្យនិងធ្វើកោសល្យវិច្ឆ័យបានបញ្ជាក់ថា សពជនរងគ្រោះពិតជាស្លាប់ដោយសារចាក់និងកាំបិតពិតប្រាកដមែន រួចសមត្ថកិច្ចបានដឹកសពទៅតម្កល់ទុកនៅវត្តពោធិចិនតុង រងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ។ ចំណែកជនដៃដល់សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់យកមកផ្ដន្ទាទោសតាមច្បាប់ ៕