Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក អំពាវនាវឲ្យអាជ្ញាធរ និងសមត្ថកិច្ចជួយសង្រ្គោះ!​ ខណៈសត្វជ្រូកជាច្រើនពាន់ក្បាល កំពុងរងការជន់លិចដោយទឹកជំនន់

ព្រះវិហារ៖ បើយោងតាមសេចក្តីរាយការណ៍​ពី ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង នៅ​ភូមិ​ស្រែព្រាង ឃុំប្រមេរុ ស្រុកត្បែង​មាន​ជ័យ ខេត្តព្រះវិហារបានឲ្យដឹងនៅ​រសៀល​ ថ្ងៃ៩ខែកញ្ញា ឆ្នាំ២០១៩​ ថាទឹកជំនន់បានហក់ឡើងយ៉ាងខ្លាំង បណ្តាលឲ្យលិចកសិដ្ឋានចិញ្ចឹមជ្រូករបស់គាត់ ធ្វើឲ្យសត្វជ្រូករបស់គាត់បាត់បង់ជាច្រើនក្បាល និងជាច្រើនក្បាលទៀតកំពុងជួយសង្រ្គោះ។

ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក លោក នន់ វណ្ណី បានថ្លែងថា មកដល់ពេលនេះសកម្មភាពសង្គ្រោះសត្វជ្រូក កំពុងតែដំណើរការយ៉ាងញាប់ដៃញាប់ជើង ដោយសារទឹកជំនន់កាន់តែហក់ឡើងទៅៗ មិនមានការស្រកចុះសោះ។

លោក នន់ វណ្ណី បន្តថា សត្វជ្រូកនៅក្នុងកសិដ្ឋានរបស់គាត់មានចំនួន៣,៦០០ក្បាល ពេលនេះកំពុងធ្វើការសង្រ្គោះបានជាង​១,០០០ក្បាលហើយ និង១០០ក្បាលទៀត បានបាត់បង់ដោយសារ វាលោតចេញពីទ្រុង។

ម្ចាស់កសិដ្ឋានរូបនេះ បានអំពាវនាវឲ្យអាជ្ញាធរខេត្តព្រះវិហារ អាជ្ញាធរស្រុកត្បែងមា​ន​ជ័យ និងសមត្ថកិច្ចពាក់ព័ន្ធជួយអន្ដរាគមន៍​សង្រ្គោះសត្វជ្រូករបស់គាត់ផង ព្រោះពេលនេះទឹកនៅតែបន្តហក់ឡើង៕