មេប៉ុស្តិឃុំវាលរេញផ្ទុះអាវុធ១គ្រាប់ត្រូវចំស្ត្រីចំណាស់ម្នាក់ស្លាប់យ៉ាងអាណោចអធម៌
ព្រះសីហនុ៖ ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធម៌ ខណៈដែលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវគ្រាប់ភ្លើង របស់លោក នាយប៉ុស្តិ៍នគរបាល ឃុំវាលរេញ
ហេតុការណ៍ភ្ញាក់ផ្អើលគួរឲ្យរន្ធត់នេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៩ នៅចំណុចផ្លូវរថភ្លើងក្រោយផ្សារវាលរេញ ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ស្ត្រីរងគ្រោះមានឈ្មោះ ទូច សុខ អាយុ៦០ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ ខាងលើ។
យោងតាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ លោក នាយប៉ុស្តិ នគរបាល វាលរេញឈ្មោះ កែ សុខន ភេទប្រុស អាយុ៥១ឆ្នាំ បានដឹកនាំកម្លាំង២នាក់ រួមនិងអាវុធAK២ដើម បានចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ខណៈដល់ចំណុចកើតហេតុបានប្រទះ ស្ត្រីម្នាក់ ឈរកាន់កាបូបគួរឲ្យសង្ស័យ បានឃាត់សួរនាំ ពេលកំពុងឆែកឆេរមើលកាបូប ជនសង្ស័យក៏រត់គេចខ្លួន ភ្លាមៗនោះលោកនាយប៉ុស្តិ៍ បានបាញ់ចុះក្រោម ដើម្បីបង្អាក់ជនសង្ស័យ ជាអកុសល ក៏ផ្លាតគ្រាប់ទៅត្រូវស្ត្រីរងគ្រោះ ដែលអង្គុយក្បែនោះ ចំក្បាលរងរបួសធ្ងន់ធ្ងរ ក្រោយមកក៏បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ក្រោយកើតហេតុកម្លាំងកងរាជអាវុធហត្ថស្រុកបានទៅដល់កន្លែងកើតហេតុតែលោក នាយប៉ុស្តិនិងបក្ខពួក បន្ទាប់ពីកើតហេតុបានរត់គេចខ្លួនបាត់ ។ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕