ភ្លៀងធ្លាក់ខ្លាំងធ្វើអោយឃុំចំនួន០៤ក្នុងស្រុកសំឡូតរងការលិចលង់និងពលរដ្ឋ២៧គ្រួសារជម្លៀសចេញពីលំនៅឋានទាំងយប់
បាត់ដំបង៖ ឃុំចំនួន០៤នៅក្នុងស្រុុកសំឡូតខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៩នេះ ត្រូវរងការលិចលង់ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅប៉ែកខាងលើជាប់ព្រំដែនកម្ពុជា ថៃ បានបង្កជាទឹកជំនន់ បណ្ដាលឲ្យបាក់ស្ពានយោលមួយនិងប្រជាពលរដ្ឋជាង២០គ្រួសារបានជម្លៀសខ្លួនចេញពីលំនៅឋានជាបណ្តោះអាសន្ន។
លោក សើ សាម៉េត អភិបាលស្រុកសំឡូត បានអោយដឹងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះថា ក្រោយមានភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃទី១៥ខែកញ្ញានៅតំបន់ព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្ត្រនៃស្រុកសំឡូត បាន បង្កជាជំនន់ទឹកភ្លៀងឡើង ធ្វើអោយឃុំចំនួន៤ ក្នុងស្រុកសំឡូត រួមមាន៖ ឃុំតាតោក ឃុំសំឡូត ឃុំតាសាញ និងឃុំអូរតាតៀក រងផលប៉ះពាល់បាក់ស្ពានយោលស្ទឹងក្រញូង លិចផ្ទះប្រជាពលរដ្ឋចំនួន២៧គ្រួសារជម្លៀសចេញបានតែខ្លួន និងផ្លូវមួយចំនួនមិនអាចធ្វើដំណើរឆ្លងកាត់បាន។
លោក អភិបាលស្រុកបានបន្តថា ក្រោយមានជំនន់ទឹកភ្លៀងយ៉ាងគំហ៊ុក រហូតមកដល់ពេលនេះត្រូវបានប្រធានធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងបានសម្រេចបើកទ្វារទឹកក្នុងអាងពហុបំណងសេកសកបង្ហូរធ្លាក់ចូលស្ទឹងសង្កែ ធ្វើអោយស្ថានភាពទឹកផ្នែកខាងលើសំឡូតបានថមថយបន្តិច តែផ្លូវមួយចំនួននៅមិនទាន់អាចធ្វើដំណើរឆ្លងកាត់បាននៅឡើយទេ ៕