Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តកូរ៉េ​ បុកគូថ​រថយន្តសណ្ដោង​រ៉ឺម៉កពី​ក្រោយគាបជាប់បុរស​ម្នាក់ក្នុងកាប៊ីនស្លាប់គួរឲ្យរន្ធត់និង២នាក់ទៀត​របួសធ្ងន់ស្រាល

ភ្នំពេញ៖ បុរសម្នាក់គាបជាប់ក្នុងកាប៊ីនរថយន្ត​ស្លាប់ភ្លាមៗគួរឲ្យរន្ធត់​ និង២នាក់ទៀតបានរង​របួសធ្ងន់និងស្រាល​ ខណៈបើករថយន្ត​ កូរ៉េ​ ដឹកទំនិញមួយគ្រឿង​ មិន​ប្រយត្ន័ក៏ជ្រុលទៅ​បុកគូថរថយន្ត​ សណ្ដោងរុឺម៉កពី​ក្រោយពេញទំហឹង
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​ កើតឡើង​កាលពីវេលាម៉ោង៣និង១៥នាទីទាបភ្លឺ ចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវហានណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា​ សពជនរងគ្រោះមាន​ឈ្មោះ វិន ភេទប្រុស អាយុវ៣៦ឆ្នាំ ចំណែកអ្នករងរបួសធ្ងន់ ឈ្មោះ វ៉េវ​ ភេទ​ប្រុស​ អាយុ១៨ឆ្នាំ និងតៃកុងរថយន្ត ឈ្មោះ ប៉ូង មករា អាយុ៣៤ឆ្នាំទាំងបីនាក់ រស់នៅ​ភូមិវែង ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្ដាល។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានដឹងថា មុនពេលកើតហេតុ គេឃើញ​រថយន្តកូរ៉េ​ ដឹកទំនិញមួយគ្រឿង​ ពណ៌ស ពាក់​ស្លាកលេខ ភ្នំពេញ 3D-8929 បើកបរ​ដោយបុរសម្នាក់ រួមដំណើរជាមួយបុរស២​នាក់​ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ទិសពីត្បូងទៅជើងក្នុងល្បឿនលឿន​ សង្ស័យអ្នកបើកបរ​ងោក​ ខណៈមកដល់ចំណុចកើតហេតុ​ ស្រាប់តែ​រថយន្ត​ រេចង្កូតមកខាងស្ដាំដៃ ជ្រុលទៅបុកគូថរថយន្តសណ្ដោងរ៉ឺម៉កមួយគ្រឿងពណ៌ស​លាយខៀវ​ ពាក់ស្លាកលេខភ្នំពេញ 3D-9618 ពីក្រោយពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ គាបជាប់ក្នុងកាប៊ីនស្លាប់ និងពីរនាក់ទៀតរង​របួសធ្ងន់និងស្រាល​ ត្រូវបាន​ បញ្ជូនទៅ​មន្ទីរពេទ្យភ្លាមៗ​ ចំណែកអ្នកបើក​រថយន្តសណ្ដោងរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើត​ហេតុធ្វើការវាស់វែងយករថយន្តទាំង២​គ្រឿង​ទៅរក្សាទុកនៅការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ រាជធានីភ្នំពេញ រងចាំដោះស្រាយពេលក្រោយ។ ចំណែកសពជន​រងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចយក​ទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំគ្រួសារមក​ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕