Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

អភិបាលរាជធានីភ្នំពេញ នាំយកថវិកា និងជំនួយមនុស្សធម៌ ជាបន្ទាន់ជួយដល់គ្រួសារសព ដែលបានស្លាប់ក្នុងគ្រោះអគ្គិភ័យ

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បាននាំយកថវិកា និងជំនួយមនុស្សធម៌មួយចំនួនជាបន្ទាន់ ជួយដល់គ្រួសារសពដែលបានស្លាប់ ក្នុងគ្រោះអគ្គិសភ័យនៅសង្កាត់ ច្រាំងចម្រេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

នៅរសៀលថ្ងៃទី១៧ ខែកញ្ញានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារក្រោមឱវាទ បាននាំយកថវិកាចំនួន៥លានរៀល ជូនដល់គ្រួសារសព ដែលបានស្លាប់ ក្នុងគ្រោះអគ្គិសភ័យនៅសង្កាត់ច្រាំងចម្រេះ សម្រាប់ការដោះស្រាយតម្រូវការចាំបាច់មួយចំនួន។ ជាមមួយគ្នានេះ កាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ ក៏បាននាំយកគ្រឿងឧបភោគបរិភោគជាច្រើនមុខ ដើម្បីយកទៅចែកជូនក្រុមគ្រួសាររងគ្រោះ ដោយសារគ្រោះអគ្គិសភ័យនេះផងដែរ។

លោកអភិបាលរាជធានីភ្នំពេញ ចូលរួមសម្តែងការសោកស្តាយនិងអាណិតអាសូ ចំពោះជនរងគ្រោះដែល បានបាត់បងក្រុមគ្រួសារជាទីស្រលាញ់ និងជម្រកស្នាក់នៅដោយសារតែ គ្រោះអគ្គិសភ័យដ៏កំណាចនេះ។

យោងតាមសេចក្តីរាយការណ៍ គ្រោះអគ្គិសភ័យនេះ កើតឡើងនៅវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្រុមទី៧ ភូមិ ឃ សង្កាត់ច្រាំងចំរះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្នុងហេតុការណ៍នេះ បានបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និងខូចខាតផ្ទះទំាងស្រុងចំនួន៤ខ្នង។

មូលហេតុដែលបណ្តាឲ្យមានគ្រោះអគ្គិសភ័យនេះ គឺបង្កឡើងដោយមនុស្សលេងភ្លើង បង្កអោយឆេះផ្ទះយ៉ាងសន្ធោសន្ធៅ។ យ៉ាងណាក៏ ដោយ អគ្គិសភ័យនេះ បានពន្លត់ចប់ជាស្ថាពរ នៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួនចំនួន១៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៦ឡាន ស្មើនឹង៨១ម៉ែត្រគូប ។

ជាមួយគ្នានោះប្រើប្រាស់រថយន្តជំនួយរបស់ក្រុមហ៊ុនOCIC ទីក្រុងជ្រោយចង្វារចំនួន៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦ឡាន ស្មើ ៣០ម៉ែត្រគូប ។ រថយន្តក្រុមហ៊ុនប្រេងឥន្ទនៈកម្ពុជាតេលាចំនួន 0១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 0១ឡាន ស្មើនឹង ១៦ម៉ែត្រគូប ។ រថយន្តបុរីវិមានភ្នំពេញចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន ស្មើនឹង០៨ម៉ែត្រ ។ និងរថយន្តសាលាខណ្ឌឫស្សីកែវរចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង០៤ម៉ែត្រគូប៕