Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃម្នាក់​ត្រូវតុលាការសម្រេចដាក់គុកជាបណ្តោះអាសន្នរឿងឆបោកប្រាក់​ រត់ការចូលក្របខណ្ឌនគរបាល

ភ្នំពេញ៖ លោក សេង រិទ្ធី ចៅក្រមជំនុំ​ជម្រះ​ សាលាដំបូងរាជធានីភ្នំពេញ និងលោកព្រះ​រាជ​អាជ្ញារង ប្លង់ សុផល ជាតំណាងអយ្យការ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩​កន្លងទៅ បានបើកសវនាការជម្រះផ្ទាល់ និងសម្រេចឃុំខ្លួនជនជាប់ចោទឈ្មោះ ហុក គីម​សាយ ជាសមាជិកក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ ជាបណ្តោះអាសន្ន ពាក់ព័ន្ធសំណុំរឿងឆបោកប្រាក់ ២ម៉ឺនដុល្លារក្នុងការរត់ការចូលក្របខណ្ឌនគរបាលជាតិ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៧។

សូមជម្រាបជូនថា ជនជាប់ចោទឈ្មោះ ហុក គីមសាយ ភេទប្រុស អាយុ ៥០ឆ្នាំ ស្នាក់នៅផ្ទះលេ២៧ ផ្លូវ៣៩០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ច ការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនតាមដីការបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ។

គួររំលឹកថា កាលពីអំឡុងឆ្នាំ២០១៧ ជនជាប់ចោទឈ្មោះ ហុក គីមសាយ បានយកប្រាក់​ពីជនរងគ្រោះឈ្មោះ ម៉ែន ច័ន្ទវាសនា ចំនួន ២ម៉ឺនដុល្លារ យកទៅរត់ការចូលក្របខណ្ឌជាមន្ត្រីនគរបាលជាតិ។

ប៉ុន្តែជនជាប់ចោទ រត់ការមិនបានសម្រេច និងមិនព្រមប្រគល់លុយឲ្យជនរងគ្រោះវិញ​នោះទេ ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្តឹងទៅតុលាការឲ្យជួយរកយុត្តិធម៌តែម្តង។

នៅក្នុងសវនាការ ជនជាប់ចោទឈ្មោះ ហុក គីមសាយ បានសារភាពថា ខ្លួនពិតជាបានប្យកលុយពីជនរងគ្រោះ ប្រាកដមែន ប៉ុន្តែប្រាក់​នោះខ្លួនទទួលបានត្រឹមតែ​ ៣០០០ដុល្លារ​ ប៉ុណ្ណោះ ចំណែកលុយ ១៧០០០ដុល្លារទៀត ខ្លួនប្រគល់ឲ្យទៅកូនប្រុសរបស់មន្ត្រីធំម្នាក់​ទៀតជាអ្នករត់ការបន្ត៕