អាសូរ! មន្ត្រីនគរបាលម្នាក់ជិះម៉ូតូបុករថយន្តបតឆ្លងផ្លូវស្លាប់យ៉ាងអាណោចអធម៌
ភ្នំពេញ៖ បុរសជាមន្ត្រីនគរបាលម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាបពីជិះម៉ូតូ ទៅបុករថយន្ត ដែលបើកបញ្ច្រាស់គ្នាបត់ឆ្លងផ្លូវ ។
គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទី រំលងអធ្រាត្រចូលថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៩ នៅចំណុចមុខក្រុមហ៊ុនលក់រថយន្តMerceodes តាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
សពជនរងគ្រោះមានឈ្មោះ ជឹម រតនៈ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មន្ត្រីនគរបាលប្រចាំការនៅស្ថាទូតឥណ្ឌា ស្នាក់នៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5883 បើកបរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុ ក៏បានបតឆ្វេងឆ្លងផ្លូវបំណងចូលចតរថយន្តក្នុងដីឡូត៍ដើម្បីសម្រាក់ ខណៈកំពុងបត បានពាក់កណ្តាលផ្លូវ ស្រាបតែមានម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់ទិសដៅបញ្ច្រាស់គ្នាក្នុងល្បឿនលឿន ក៏ជ្រុលមកបុកចំពីមុខ ពេញទំហឹង ម៉ូតូចូលក្រោមរថយន្តចំណែកបុរសរងគ្រោះបោកក្បាលស្លាប់យ៉ាងអាណោចអធម៌នៅនិងកន្លែង ។ ភ្លាមៗ តៃកុងរថយន្តបានចុះគេចខ្លួនបាត់ ។
ក្រោយកើតហេតុគេឃើញបងប្អូនសាច់ញាតិជនរងគ្រោះបានមកដល់ទ្រហោយំសោកស្ដាយសមាជិកគ្រួសារ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕