សង្ស័យស្រវឹងស្រាបើករថយន្តលឿនមិនប្រយត្ន័ជ្រុលទៅបុករបាំងថ្ម ចែកផ្លូវក្រឡាប់ផ្ងារជើង
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តហាយឡិនឌ័រ បោះពួយយ៉ាងលឿនមិនប្រយត្ន័ជ្រុលចង្កូតទៅបុករបាំងថ្ម ចែកទ្រូងផ្លូវ បាក់មួយកង់ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង
គ្រោះថ្នាក់ចរាចរណ៍ គួរឲ្យព្រឺព្រួចនេះបានកើតឡើងកាលពីវេលាម៉ោង១០ និង ២០នាទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ១៩៩ ក្នុងសង្កាត់ទំនប់ទឹកខណ្ឌ បឹងកេងកង ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេ រថយន្តបង្កម៉ាក ហាយឡិនឌ័រពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AD-8224 បើកដោយ បុរសជាជនជាតិខ្មែរម្នាក់សង្ស័យស្រវឹងស្រា ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុកនឹងរបាំងថ្មចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់មួយកង់ ចំណែករថយន្តបង្កក្រឡាប់ផ្ងារជើងមួយចំហៀង សំណាង មិនមានអ្នក រងរបួស គ្រាន់តែខូចខាតរថយន្តនិងរបាំងថ្ម។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ រួចបានទំទាក់ទំទងទៅសមត្ថកិច្ចជំនាញមក វាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយទៅតាមផ្លូវច្បាប់ ៕