Monday, November 25, 2024
Latest:
ព័ត៌មាន​ជាតិ

ក្រសួងការងារ និងភាគីពាក់ព័ន្ធ រួមគ្នាបើក​វគ្គ​បណ្តុះបណ្តាលគ្រូបង្គោលស្តីពីសិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី

កណ្តាល៖ វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីសិទ្ធិធ្វើកូដកម្មនិងធ្វើបាតុកម្មដោយសន្តិវិធី រៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងចូលរួមសហការរៀបចំដោយក្រសួងមហាផ្ទៃ អគ្គស្នងការ​នគរ​បាលជាតិ បណ្ឌិត្យសភានគរបាលកម្ពុជា អង្គការអន្តរជាតិខាងការងារ (ILO) និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ​ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) រួមគ្នាបើកវគ្គបណ្តុះបណ្តាល​នេះ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នៅ​បណ្ឌិត្យសភានគរបាលកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោល​បំណង៖ ១-បណ្តុះបណ្តាលគ្រូប​ង្គោលជា​មន្ត្រីនគរបាលចំនួន១២០នាក់ អំពីសិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធីដើម្បីធានាការអនុវត្តសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋដែលកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ, ២-បំពេញបន្ថែម ចំណេះដឹងអំពីសិទ្ធិក្នុងការប្រមូលផ្តុំរបស់កម្មករនិយោជិត ជាអាទិ៍ សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធីដូចមានកំណត់ក្នុងបទប្បញ្ញត្តិច្បាប់ជាតិជាធរមាន ស្របតាមអនុសញ្ញាអន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័ន ជូនមន្រ្តីអនុវត្តច្បាប់ និង៣-លើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់របស់មន្ត្រីនគរបាល ដើម្បីធានាថា សេរីភាពអង្គការវិជ្ជាជីវៈ និងសេរីភាពក្នុងការបញ្ចេញមតិតាមរយៈការធ្វើបាតុកម្មដោយសន្តិវិធីត្រូវបានអនុវត្តក្នុងបរិយាកាសដែលមិនមានការគំរាមកំហែងនិងហិង្សា។

វគ្គបណ្តុះបណ្តាលនេះត្រូវបានបែងចែកជា ៤វគ្គ បន្តបន្ទាប់ ដែលក្នុងមួយវគ្គៗមានរយៈ​ពេល២ថ្ងៃនិងមានសិក្ខាកាមចូលរួមចំនួន​៣០​នាក់ដោយផ្តោតលើប្រធានបទ៖ ១.ការដោះស្រាយវិវាទការងារនិងសិទ្ធិធ្វើកូដកម្ម២.ការ​ ធ្វើបាតុកម្មដោយសន្តិវិធី។

លោក សោម ចំណាន អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពស់ខ្ពស់លោករដ្ឋមន្ត្រី អ៊ិត សំហេង ដែលអញ្ជើញជាអធិបតីនាឱកាស​នោះ បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះនិងសូមវាយតម្លៃចំពោះវត្តមានរបស់ លោក លោកស្រី ជាគ្រូឧទ្ទេសដែលបានចំណាយពេលដ៏មាន​តម្លៃចូលរួមធ្វើបទឧទ្ទេសនាម និងចែក​រំលែកបទពិសោធន៍ល្អៗពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី សំដៅធានាបានភាពសុខដុមរមនានៅក្នុងព្រះរាជាណាចក្រកម្ពុជា ជូនដល់សិក្ខាកាមជាមន្ត្រីនគរបាលទាំងអស់។

ទន្ទឹមនឹងនេះ លោក សោម ចំណាន បានមានប្រសាសន៍លើកឡើងថា សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធីត្រូវបានធានា​ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ មាត្រា៣៧ នៃរដ្ឋធម្មនុញ្ញចែងថា «សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធីត្រូវយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់»​។ នៅក្នុងការអនុវត្តជាក់ស្តែង យើងសង្កេតឃើញថា កូដកម្មច្រើនតែកើតឡើង បន្ទាប់ពីកម្មករនិយោជិត និងនិយោជក​មិនអាចស្វែងរកដំណោះស្រាយទៅលើវិវាទការងាររួម ដែលកើតមានឡើងនៅក្នុងសហគ្រាស គ្រឹះស្ថានរបស់ខ្លួន ហើយក្នុងករណីខ្លះកូដកម្មមួយចំនួនបានប្រែក្លាយទៅជាកូដកម្មខុសច្បាប់ ឬបាតុកម្មហិង្សា ដែលចាំបាច់ទាមទារឱ្យមានការអន្តរាគមន៍ពីអាជ្ញាធរ​មានសមត្ថកិច្ច និងមន្ត្រីនគរបាលយុត្តិធម៌។ ដើម្បីធានាការអនុវត្តសិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធីប្រកបដោយប្រសិទ្ធភាព ស្រប​តាមបទប្បញ្ញត្តិច្បាប់ជាធរមាន និងអនុសញ្ញាអន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័នការលើកកម្ពស់ការយល់ដឹងរបស់គ្រប់ភាគី​ពាក់ព័ន្ធក្នុងការអនុវត្តសិទ្ធិទាំងនេះគឺជាការចាំបាច់៕