Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនសង្ស័យ០៦នាក់​ រំដោះជនរង​គ្រោះ​០៤នាក់ជាជនជាតិចិន ដែលក្រុមជន​សង្ស័យចាប់ឃុំជំរិតទារប្រាក់

ព្រះសីហនុ៖ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុន​ទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងការិយាល័យ​បទល្មើសព្រហ្មទណ្ឌ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការចុះបង្ក្រាបនិងឃាត់ខ្លួនជនជាតិចិន ពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិនដូចគ្នា នៅចំណុចក្នុងបុរីសុខសាន្ត ក្រុមទី១៤ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្នុងប្រតិបត្តិការខាងលើនេះ បានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់ ភេទប្រុសនិងបានរំដោះជនរងគ្រោះចំនួន ៤នាក់ ភេទប្រុស ជាជនជាតិចិន ដែលក្រុមជនសង្ស័យចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ដោយប្រើទារុណកម្ម ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួនមាន៖​ ១-ទូរសព្ទដៃ ចំនួន ០៦គ្រឿង
២-ខ្នោះដៃ ចំនួន ០៤គូរ
៣-រថយន្ត ចំនួន ០១គ្រឿង
៤-ប្រាក់ដុល្លា ចំនួន ១៥០០$
៥-សម្ភារ:ប្រើប្រាស់មួយចំនួន

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ សមត្ថកិច្ចជំនាញ កងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿង អនុវត្តនិតិវិធីច្បាប់បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕