ជិះម៉ូតូចេញពីកន្លែងផឹកស៊ី ទៅបុករបាំងថ្មបោកក្បាលស្លាប់ម្នាក់និងម្នាក់ទៀតរបួសស្រាល
ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាបើកក្នុងល្បឿនលឿនមិនប្រុងប្រយត្ន័ក៏ជ្រុលទៅបុករបាំងថ្ម ចែកទ្រូវផ្លូវបោកក្បាលនិងថ្ម ស្លាប់ភ្លាមៗគួរឲ្យសង្វេក ឯម្នាក់ទៀតរងរបួសស្រាល
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី៨ ខែតុលាឆ្នាំ២០១៩ នៅជិតរង្វង់មូលចោមចៅតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ ។
សពជនរងគ្រោះមានឈ្មោះ ម៉ន ហេងទី ភេទប្រុស អាយុ២០ឆ្នាំ មុខរបជាងដែក ស្នាក់ នៅម្ដុំជំពូវ័ន្ត ខណ្ឌពោធិ៏សែនជ័យ មានស្រុកកំណើតភូមិទួលស្រឹង ឃុំព្នៅទី១ ស្រុកស៊ីធរ កណ្ដាល ខេត្តព្រៃវែង។
បើតាមសម្តី យុវជនរងគ្រោះដែលរងរបួសស្រាលបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់និងជនរងគ្រោះដែល(ស្លាប់)បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1P-5912ចេញមកពីកម្មវិធីផឹកសុីមួយកន្លែង ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងទឹសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់កន្លែងកើតហេតុក៏ជ្រុលចង្កូតទៅបុករបាំងថ្ម ចែកទ្រូងផ្លូវ ពេញ ទំហឹង បណ្តាលឲ្យ អ្នកបើកម៉ូតូ បោកក្បាលនិងថ្មស្លាប់ ភ្លាមៗតែម្ដង ឯរូបគាត់ជិះពីខាងក្រោយរងរបួសស្រាល ។ ចំណែកម៉ូតូរងការខូចខាត បែកកាទែរម៉ាសុីន ហូប្រេងពេញផ្លូវ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបាន វាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិកាដ្ឋានខណ្ឌពោធិ៏សែនជ័យរងចាំសាច់ញាតិមកទទួលយក ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕