សង្ស័យស្រវឹងស្រាបើករថយន្តម៉ាស្តាលឿនមិនប្រយត្ន័បុករថយន្តដឹកដី ក្រឡាប់ផ្ងាជើង
ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជោគជាំបើករថយន្តម៉ាស្ដា មួយគ្រឿងលឿនដូចហោះមិនប្រយត្ន័ជ្រុលទៅបុករថយន្តដឹកដីពេញទំហឹងក្រឡាប់ផ្ងាជើងម្ខាង ចំណែករថយន្តដឹកដីបើករត់គេចបាត់ស្រមោល
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង ៣០នាទីយប់ ថ្ងៃទី៩ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ១០៤ ភូមិត្រពាំងសិលា សង្កាត់ទៀន ខណ្ឌដង្កោ។
តាមប្រភពព័ត៌មានពីសន្តិសុខម្នាក់បានឲ្យដឹងថា មុនកើតហេតុគាត់បានឃើញរថយន្តម៉ាស្តា ពណ័ត្រីអ៊ី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ2.2-5712 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរម្នាក់ទៀត សង្ស័យស្រវឹងស្រា ធ្វើដំណើរតាមបណ្ដោយផ្លូវ ១០៤ ទិសដៅពីកើតទៅលិចក្នុងលឿនយ៉ាងលឿន មិនបានប្រុងប្រយត្ន័ ខណៈមកដល់ចំនុចកើតហេតុក៏ជ្រុលទៅបុកជាមួយរថយន្តដឹកដី មិនចាំស្លាកលេខ ដែលបើកទិសដៅបញ្ច្រាស់គ្នាបណ្ដាលឲ្យរថយន្តម៉ាស្តាក្រឡាប់ផ្ងាជើងម្ខាងអូសជាច្រើនម៉ែត្រ ភ្លាមៗនោះរថយន្តដឹកដី បានបើកបន្តដំណើរទៅមុខគេចបាត់ស្រមោល ។
ចំណែកបុរស២នាក់ដែលនៅក្នុងរថយន្តម៉ាស្ដា បានស្រែកឲ្យគេជួយ ភ្លាមៗសន្តិសុខដែលយាមបុរីនៅជិតនោះបានជួយគាស់ទ្វាររថយន្តឲ្យចេញមកខាងក្រៅ សំណាងរបួសស្រាល ។ បន្ទាប់មកបានតេទូរសព្ទ័ហៅរថយន្តមួយគ្រឿងទៀតមកជិះចេញទៅបាត់ ដោយទុករថយន្តដែលក្រឡាប់នៅលើថ្នល់។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ ហៅរថយន្តមកស្ទូចយកទៅរក្សាទុកនៅប៉ុស្តិ៏នគរបាល សង្កាត់ទៀនរងចាំម្ចាស់ មកយករថយន្តរបស់ខ្លួនទៅវិញ៕