ខណៈរឿង “ណូលីណូឡា” ជាប់ការប្រកួតមហាស្រពភាពយន្ត អ៊ិន សុភិន រំពឹងរឿង”លោកឪពុក”១ទៀតជាប់ការប្រកួតឆ្នាំក្រោយ
នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះលោក អ៊ិន សុភិន បានដឹកដៃកូនស្រីអ្នកនាង ភិន សុដាលីស និងកំលោះសង្ហា ភឹម តារាវិបុល ទៅប្រទេសចិនដើម្បីចូលរួមការប្រកួតមហាស្រពភាពយន្តអន្តរជាតិ។ក្នុងនោះដែរភាពយន្តខ្នាតធំរឿង “ណូលីណូឡា” ដែលសម្ដែងដោយអ្នកមេម៉ាយចាយសម្រស់ខាងលើបានជាប់ការប្រកួតមហាស្រពភាពយន្តអន្តរជាតិនៅប្រទេសចិន។
និយាយមុនឡើងយន្តហោះទៅប្រទេសចិនអ្នកនាង ភិន សុដាលីស បានឲ្យដឹងថាខ្លួនពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់ដែលរឿង “ណូលីណូឡា” ជាប់ការប្រកួតមហាស្រពភាពយន្តអន្តរជាតិ(Silk Road Film Festival ) ព្រោះនេះគឺជាលើកទី១ដែលរឿងនាង ជាប់ឈ្មោះក្នុងការប្រកួតលើឆាកអន្តរជាតិ។
ជាមួយគ្នានេះដែរលោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្សនិងត្រូវជាឪពុកបានថ្លែងថា មូលហេតុដែលរឿង “ណូលីណូឡា”ជាប់ការប្រកួតលើឆាកអន្តរជាតិនៅប្រទេសចិនដោយសារតែរឿងនេះមានសាច់រឿងអប់រំជាច្រើនទាក់ទងនឹងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន។
លោកថា នេះគឺជារឿងទី២សម្រាប់ផលិតកម្មមហាហង្សដែលជាប់ការប្រកួតមហាស្រពអន្តជាតិ Silk Road Film Festival ដោយលើកទី១រឿង”ក្រមុំសៅកែ”ហើយនៅឆ្នាំក្រោយលោក សង្ឃឹមថារឿង”លោកឪពុក” ដែលកំពុងតែចាក់បញ្ចាំងនៅរោងកុនទទួលបានគាំទ្រពីទស្សនិកជនយ៉ាងច្រើនកុះករនោះនឹងជាប់ការប្រកួតមហាស្រពភាពយន្តអន្តរជាតិបន្តទៀត។
សម្រាប់កម្ពុជារឿងដែលដាក់ការប្រកួតមហាស្រពភាពយន្តអន្តរជាតិឆ្នាំនេះមានច្រើនរឿង តែមានតែ២រឿងប៉ុណ្ណោះដែលមានឱកាសទៅប្រកួតមហាស្រពអន្តរ Silk Road Film Festival ជាតិនៅប្រទេសចិនគឺរឿង “ណូលីណូឡា” និងរឿង “Jaibreak”។
ចំពោះការទៅប្រកួតមហាស្រពភាពយន្តនេះរយៈពេល១អាទិត្យពេញតែម្ដងគឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ទើបត្រឡប់មកវិញ។ ក្រៅពីលោក អ៊ិន សុភិន ភិន សុដាលីស និង លោក ភឹម តារាវិបុល ក៏មានឯកឧត្ដម សុំ សុគន្ធ លោក ប៉ុក បូរក្ស លោក សុខខុម សុផានិត លោក លៀក លីដា ខាត់ វ៉ៃហាំង ស៊ិន យូប៊ីន ទៅចូលរួមផងដែរ៕