Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

មហាអង្គកឋិនទានសាមគ្គីដង្ហែទៅកាន់វត្ត២៥ខេត្ត-រាជធានី ប្រារព្ធនៅវត្តឥន្រ្ទបត្តបុរីខេត្តសៀមរាប ផ្តើមបុណ្យដោយលោកជំទាវឧកញ៉ា សៀង ចាន់ហេង

មហាអង្គកឋិនទានដើម្បីនាំយកសំពត់ចីវរ ចំនួន៤៥,៦៧៨ សំពត់ចីវរ មកវេរប្រគេនដល់ព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ន្ធសីមា ទាំង២៥ខេត្ត-រាជធានី បានប្រព្រឹត្តទៅយ៉ាងអធឹកអធម នាវត្តឥន្រ្ទបត្តបុរី ( ហៅវត្ត អង្គរតូចខាងត្បូង) ដោយមានការផ្តួចផ្តើមពីលោកជំទាវឧកញ៉ាមហាឧបាសិកាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និងពុទ្ធបរិស័ទជិតឆ្ងាយទូទាំងប្រទេស ចូលរួមប្រមាណជិត១ម៉ឺនអង្គ/នាក់។

ពិធីដ៏អធឹកអធមនេះ ប្រារព្ធធ្វើនៅថ្ងៃ១៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ដែលមានធ្វើបទនមស្ការព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត និងនិមន្តព្រះធម្មកធិកសម្តែងធម៌ទេសនាតាមទំនៀមទម្លាប់។ លុះព្រឹកឡើងថ្ងៃច័ន្ទ ១រោជ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០ នាទីព្រឹក ដង្ហែអង្គកឋិនទានជុំវិញប្រាសាទអង្គរវត្ត៣ជុំ រួចដង្ហែឆ្ពោះទៅកាន់វត្តឥន្រ្ទបត្តបុរីបន្ទាប់មកវេរអង្គកឋិនទាន ប្រគេនព្រះសង្ឃក្រាលគ្រងជាកិច្ចបង្ហើយបុណ្យ។

លោកជំទាវឧកញ៉ាមហាឧបាសិកាបណ្ឌិត សៀង ចាន់ហេង បានមានប្រសាសន៌ថា ក្នុងនាមជាពុទ្ធបរិស័ទ្ទមួយរូបមហាអង្គកឋិនទាននេះត្រូវបានបង្កើតឡើងដើម្បីឧទ្ទឹសថ្វាយចំពោះព្រះពុទ្ធសាសនា និងឧទ្ទិសមហាកុសលទាំងអស់នេះថ្វាយចំពោះព្រះវិញានក្ខន្តអតីតព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស បុព្វបុរសស្នេហាជាតិគ្រប់ជំនាន់ បុព្វបុរសកសាងប្រាសាទអង្គរវត្តជាដើម។ហើយមហាអង្គកឋិនទាននេះនឹងត្រូវនាំយកសំពត់ត្រៃជីវរ ព្រមទាំងបរិក្ខាមួយចំនួនធំទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សារអស់ត្រីមាសនៅគ្រប់វត្តអារាមទាំងអស់ទូទាំងប្រទេស ២៥រាជធានីខេត្ត ជាមួយនឹងបច្ច័យសម្រាប់កសាងនៅថ្ងៃនៃអង្គកឋិនបន្តរបន្ទាប់ទៀត។

លោកជំទាវឧកញ៉ាមហាឧបាសិកាបន្តរថាមហាអង្គកឋិនទាននេះគឺត្រូវបានប្រារព្វធ្វើឡើងក្រោមបរិយាកាសប្រទេសជាតិមានសុខសន្តិភាព មានការរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល ហើយប្រសិនបើគ្មានសុខសន្តិភាពនោះទេយើងទាំងអស់គ្នាក៏មិនអាចធ្វើបុណ្យមហាអង្គកឋិនទានប្រកបដោយសេចក្តីជ្រះថ្លា និងសប្បាយរីករាយនោះទេ ដូច្នេះយើងទាំងអស់គ្នាត្រូវតែថែរក្សានូវសុខសន្តិភាព នឹងបន្តរគាំទ្រនយោបាយដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីជាដរាប។

សូមបញ្ជាក់ថា កឋិនទាន គឺជាបុណ្យមួយរបស់ពុទ្ធសាសនា និងជាទានមានមកតាមផ្លូវវិន័យ និងជាទានដ៏ពិសេសមួយមានកាលកំណត់វេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តចង់នោះឡើយ។ រយៈកាលទទួលកឋិនទានក្តី និងរយៈកាលកឋិនទានក្តី អាចធ្វើបានតែក្នុងសម័យកាលតែ ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ១រោជ ខែអស្សុជ ដល់១៥កើតខែកក្តិក។បព្វជិតក៏ដោយ គ្រហស្ថក៏ដោយអាចធ្វើបុណ្យកឋិនទានបានដូចគ្នា។ ព្រះពុទ្ធទ្រង់អនុញ្ញាតឱ្យភិក្ខុទទួលកឋិន ហើយធ្វើកឋិនត្ថារកិច្ច និងអនុមោទនាកឋិននោះ ដើម្បីសម្រាលនូវទុក្ខលំបាក និងការប្រើប្រាស់មួយចំនួនចំពោះព្រះសង្ឃ ហើយការសម្រាលទុក្ខនេះដែរ បានត្រឹមរយៈកាល៥ខែ និងបានចំពោះតែភិក្ខុដែលចូលបុរិមិកាវស្សាអស់ត្រីមាសបានត្រឹមត្រូវមិនដាច់វស្សា៕