ចិនទៀតផឹកសុីដណ្ដើមស្រីគ្នាកាប់របួសធ្ងន់និងស្រាល២នាក់
ព្រះសីហនុ៖ សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនម្នាក់ក្រោយ ពេលធ្វើសកម្មភាពកាប់ទៅលើជនជាតិចិនដូចគ្នាឲ្យរងរបួស ធ្ងន់និងស្រាល
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២២មិថុនាឆ្នាំ២០១៨នៅក្នុងក្លឹបឌីស្កូមួយកន្លែងបន្ទប់លេខ០២ស្ថិតក្នុងក្រុមទី៨ភូមិ៤សង្កាត់៤ក្រុងព្រះសីហនុ ។
សមត្ដកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ Huang Bing ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន ចំណែក បក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។
ដោយឡែក ជនរងគ្រោះទី១៖មានឈ្មោះ Jian Lu ភេទប្រុស អាយុ៣០ឆ្នាំ ជាជនជាតិចិន បានរងរបួសធ្ងន់ និងម្នាក់ទៀតឈ្មោះ Zhang Tian ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន រងរបួសស្រាល ហើយជនរងគ្រោះទាំង២នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបន្តទៀតថា មូលហេតុបណ្តាលមកពីក្រុមជនជាតិចិននោះផឹកស៊ីស្រវឹងទំនាស់ពាក្យសម្តីនិងដណ្តើមស្រីគ្នាទើបបណ្តាលឱ្យឈានទៅដល់ការប្រើអំពើហិង្សាកាប់ចាក់គ្នាតែម្តង ។ ក្រោយពីទទួលបានព័ត៌មានភ្លាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបញ្ជាទៅកម្លាំងជំនាញការិយាល័យកម្រិតធ្ងន់ និងស្រាល នៃអធិការដ្ឋាននគរបាលក្រុង-ប៉ុស្តិ៍ និងកំលាំងអន្តរាគមន៍ ពិសេសបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុជាបន្ទាន់ ពេលនោះសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ដកហូតបានដាវ និងកាំបិតចំនួន៧ដើមដោយឡែកម្នាក់ទៀតរត់គេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕