ទាហានជើងទឹក ម្នាក់ត្រូវរថយន្តសាំយ៉ុងបុកស្លាប់យ៉ាងអាណោចអធម៌នៅផ្លូវជាតិលេខ៦អា
ភ្នំពេញ៖ មន្ត្រីយោធា កងទព័ជើងទឹកម្នាក់ជិះម៉ូតូឆ្លងផ្លូវ ឌុបស្ត្រីម្នាក់ ពេលមេឃកំពុងភ្លៀងខ្លាំង បំណងចូលទៅក្នុងបន្ទាយ ត្រូវរថយន្តសាំយ៉ុងបើកលឿន មិនប្រយត្ន័ជ្រុលទៅបុកពេញទំហឹងអូសក្រោមរថយន្ត ស្លាប់គួរឲ្យអណោចអធម៌ ឯស្ត្រីដែលរួមដំណើររងរបួសធ្ងន់
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី១៨ខែតុលាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ(៦A)ត្រង់ចំណុច ច្រកចូលបន្ទាយទាហានជើងទឹក ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
សពជនរងគ្រោះមានឈ្មោះ ឈឹម ស៊ីណាត ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបជាមន្ត្រីយោធាជាន់ខ្ពស់ សក្ដ័បួនកន្លះ ទួនាទីរងអធិការកិច្ច ស្នាក់នៅបន្ទាយ ទាហានជើងទឹក សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានស្រុកកំណើត ស្រុកលង្វែក ខេត្តកំពុងឆ្នាំង។
-ចំណែក តៃកុងរថយន្តបង្កមានឈ្មោះ ខាត់ សៀវហៃ ភេទប្រុស អាយុ២៦ឆ្នាំមុខរបរ សុីស្នួលបើករថយន្តឲ្យគេ មានស្រុកកំណើត ភូមិចារ ស្រុកចិត្របុរី ខេត្តក្រចេះ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ័ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1GD-6729 ជិះដោយបុរសនិងស្ត្រី២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ(៦អា)ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ មេឃធ្លាក់ភ្លៀងខ្លាំងបានបត់ឆ្វេងឆ្លងផ្លូវ បំណងចូលទៅក្នុងបន្ទាយទាហានជើងទឹក ខណៈកំពុងឆ្លង ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌លឿងពាក់ស្លាកលេខ ភ្នំពេញ2S-5664 បើកបរដោយបុរសម្នាក់ ដឹកអីវ៉ាន់ពេញ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ( ៦អា ) ដូចគ្នាទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន មិនបានប្រុងប្រយត្ន័ក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងរួចអូសជាច្រើនម៉ែត្របណ្ដាលឲ្យបុរសជាអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែង ចំណែកស្ត្រីដែលរួមដំណើរជាមួយរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកអ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញ បានមកវាស់វែងយករថយន្តបង្ករនិងម៉ូតូរងគ្រោះ ព្រមទាំងអ្នកបើកបររថយន្តទៅការិយាល័យចរាចរណ៏ផ្លូវគោក រាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់។
ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕