សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ដែលជាមេក្លោងជួញដូរគ្រឿងញៀនឆ្លងដែន
កំពង់ធំ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិសហការ ជាមួយកម្លាំងនគរបាល ខេត្តកំពង់ធំ និងមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជ្ញាអមសាលាដំបូងខេត្ត បានធ្វើការ ឃាត់ខ្លួនជនសង្ស័យ៤នាក់ជាមេក្លោងជួញដូរគ្រឿងញៀនឆ្លងដែន ក្នុងនោះមានជនជាតិថៃម្នាក់ផងដែរ
ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនេះបានធ្វើឡើងកាលពីវេលាម៉ោង២នឹង៣០នាទីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ(៦អា)ចំនុចភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនរួមមាន៖ ទី១-/មានឈ្មោះ SAk SAESONG ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិថៃ
ទី២-/ ឈ្មោះ សុខ ប៊ុនសិរិឆ័យ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ
ទី៣-/ ឈ្មោះ លី តឹក ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ
ទី៤-/ឈ្មោះ គង់ វណ្ណៈ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ។
សមត្ថកិច្ចបន្តថា ប្រតិបត្តិការខាងលើកម្លាំងជំនាញបានធ្វើការស្រាវជ្រាវនិងតាមដានក្រុមជនសង្ស័យជាងមួយខែទើប បង្ក្រាបបាន ហើយបើតាមចម្លើយសារភាពរបស់ជនសង្ស័យបានឱ្យដឹងថា គ្រឿងញៀនខាងលើ នាំចូលពីប្រទេសថៃ មកកម្ពុជាតាមច្រកជាំ អូរស្មាច់ ខេត្តឧត្ដរមានជ័យ ។
ប្រភពដដែលបន្តថា ចំពោះវត្ថុតាងដកហូតរួមមាន៖ ថ្នាំញៀនប្រភេទម៉េតំហ្វេតាមីនICEចំនួន៤០កញ្ចប់ ទម្ងន់ប្រមាណ៤០គីឡូក្រាម,រថយន្ត២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕