ទូរដែកក្នុងរោងចក្រ«លានហ្វាហេងយូ ខេមបូឌៀ»ត្រូវចោរគាស់យកលុយអស់ជាង ១ម៉ឺនដុល្លារនិងសម្ភារៈមួយចំនួន
ពោធិ៍សាត់៖កាលពីថ្ងៃទី១៩ខែតុលាឆ្នាំ២០១៩ មានក្រុមជនស្ស័យចូលធ្វើសកម្មភាព គាស់ទូរដែកនៅក្នុងរោងចក្ររោងចក្រកាត់ដេរ យីហោ«លានហ្វាហេងយូ ខេមបូឌៀ»ស្ថិត ក្នុងភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយលួចលុយក្រុមហ៊ុនអស់ជាង ១ម៉ឺនដុល្លារ និងយកម៉ាស៊ីនស្តុកទិន្នន័យកាមេរ៉ាសុវត្ថិភាព(DVR)រួចគេចខ្លួនបាត់ដោយសុវត្ថិភាព។
បើយោងតាមរបាយការណ៍ដែលទទួលបាននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ខណៈដែលកម្លាំងជំនាញចុះទៅពិនិត្យបានឲ្យដឹងថាតាម ការបំភ្លឺពីឈ្មោះ សឺ សូលី (ជនជាតិចិន) ប្រធានគណនេយ្យក្រុមហ៊ុន តាមរយៈអ្នកបកប្រែ នៅវេលាម៉ោង០៦ល្ងាចថ្ងៃទី១៩ ខែតុលាឆ្នាំ២០១៩ ថាមានជនសង្ស័យប្រហែល ២នាក់ មិនស្គាល់អត្ថសញ្ញាណ បានធ្វើសកម្មភាពប្រើឧបករណ៍រឹង គាស់ទ្វារោងចក្រ រួចហើយចូលទៅគាស់បន្ទប់គណនេយ្យ និងព្យាយាមគាស់ទូរដែករហូតបានសម្រេច។ ចំពោះសម្ភារដែលបាត់បង់រួមមាន៖ ប្រាក់ដុល្លារ ប្រហែលជាង ១ម៉ឺនដុល្លារ និងម៉ាស៊ីនស្តុកទិន្នន័យកាំមេរ៉ាសុវត្ថិភាព (DVR) មួយគ្រឿង រួចគេចខ្លួនបាត់ ។
ប្រភពបន្តថា ជនរងគ្រោះដែលជាតំណាងរោងចក្រទទួល ផ្នែកគណនេយ្យ បានទុកទូរដែកនៅក្នុងបន្ទប់ ហើយបានចាក់ទ្វារបន្ទប់ត្រឹមត្រូវមុនចេញទៅសម្រាក ខាងក្រោយអគាររោងចក្រ។ លុះដល់ព្រឹកឡើង ស្រាប់តែឃើញទូរដែក ដែលទុកនៅក្នុងបន្ទប់គណនេយ្យ ត្រូវបានជនសង្ស័យគាស់ ភ្លាមនោះខ្លួនបានរាយការណ៍ជូនសមត្ថកិច្ចចុះទៅពិនិត្យ តែដោយម៉ាស៊ីនស្តុកទិន្នន័យកាមេរ៉ាសុវត្ថិភាព ត្រូវបានក្រុមចោរលួចទៅជាមួយដែរ យើងក៏មិនបានដឹងពីភិនភាគរបស់ជនសង្ស័យនោះឡើយ។
ក្នុងករណីខាងលើ កម្លាំងជំនាញបច្ចេកទេសខេត្ត និងកម្លាំងជំនាញយុត្តិធម៌ស្រុកបាកាន កំពុងបន្តធ្វើការស៊ឺបអង្កេតស្រាវជ្រាវតាមនីតិវិធីនៅឡើយ ៕