សមត្ថកិច្ចឆ្មក់បង្រ្កាបទីតាំងលួចជល់មាន់នៅសង្កាត់ស្ទឹងមានជ័យ៣
ភ្នំពេញ៖ កម្លាំង អធិការដ្ឋាននគរបាល ខណ្ឌមានជ័យ សហការជាមួយកម្លាំង នគរបាលប៉ុស្តិស្ទឹងមានជ័យ៣ ក្រោមការចង្អុលបង្ហាញពីលោក ម៉េង វិមានតារា អធិការ នគរបាលខណ្ឌមានជ័យ បានចុះបង្រ្កាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់)មួយកន្លែងនៅក្នុងព្រៃ ជាប់របងកាណាឌីយ៉ា ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ជាប់ព្រំប្រទល់និងខណ្ឌពោធិ៍សែនជ័យ ។
ប្រតិបត្តការណ៍ បង្ក្រាបនេះធ្វើឡើង កាលពី រសៀលថ្ងៃទី២៤ខៃតុលាឆ្នាំ២០១៩ ។
លោក ឯម ភារី នាយប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ បានឲ្យដឹងថាទីតាំងនេះក្រុមអ្នកញៀនល្បែងតែងតែលួចឆ្មក់ណាត់គ្នាជល់ ហើយត្រូវបានប្រជាពលរដ្ឋរាយការមកសមត្ថកិច្ច ភ្លាមៗលោក បានដឹកនាំកម្លាំងចុះទៅបង្ក្រាប តែក្រុមអ្នកញៀនល្បែងជល់មាន់ នេះ ហាក់បីដូចជាដឹងមុន បាននាំគ្នារត់គេចខ្លួនអស់បន្សល់ទុកនៅតែស្តង់ និងសំភារៈមួយចំនួន។
លោក ឯម ភារី បានបញ្ជាក់ថា ទីតាំងខាងលើនេះ កន្លងមក កម្លាំងសមត្ថកិច្ចធ្លាប់បានចុះបង្រ្កាបដែរ តែក្រុមអ្នកលេងទាំងនោះនៅតែលួចលាក់លេង តែទោះជាយ៉ាងណាការលួចលាក់បើកលេងល្បែងស៊ីសងខុសច្បាប់ពីសំណាក់ក្រុមអ្នកញៀនល្បែងទាំងនោះលោក នឹងបង្រ្កាបប្រសិនបើ ជានៅតែមាន ការបន្តលួចបើកលេងទៀត។
លោក ឯម ភារី បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តារាយការណ៍ទៅសមត្ថកិច្ចបើឃើញក្រុមអ្នកញៀនល្បែងមកលួចលែង ឬក៏ បញ្ហាសន្តិសុខផ្សេងៗដែលកើតមានឡើង ដើម្បីទទួលបាននូវការជួយអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចទាន់ពេលវេលា ៕