សមត្ថកិច្ច គយព្រលានយន្តហោះ ខេត្តសៀមរាប ឃាត់ខ្លួនស្ត្រីជនជាតិថៃ២នាក់រកឃើញគ្រឿងញៀនជាង២៧គីឡូក្រាម
សៀមរាប៖ មន្ត្រី គយ ប្រចាំនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ដោយមានការសង្ស័យបានឃាត់ខ្លួនស្ត្រីអ្នកដំណើរជនជាតិថៃ២នាក់ឆែកឆេររកឃើញគ្រឿងញៀនប្រមាណ២៧.៣០គីឡូក្រាម ខណៈពេលដែលគ្រោងឡើងយន្តហោះ។
បើយោងតាមមន្ត្រីគយ បានឱ្យដឹងថា គ្រឿងញៀននេះ សមត្ថកិច្ចបានរកឃើញនៅវេលាម៉ោងប្រហែល១០យប់ថ្ងៃទី២៤ខែតុលា ឆ្នាំ២០១៩ នៅចំណុចស្ថានីយ អ្នកដំណើរចេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប។ ប្រភពបញ្ជាក់ថា គ្រឿងញៀនទាំងនេះ បានរកឃើញនៅក្នុងការបូប អ្នកដំណើរ ឈ្មោះ SAVAENGPHOL SUPHAPORN ភេទស្រី សញ្ជាតិថៃ អាយុ៣៧ឆ្នាំ និង អ្នកដំណើរម្នាក់ទៀតឈ្មោះ PRACHAMON WIPA ភេទស្រី សញ្ជាតិថៃ អាយុ៣០ឆ្នាំ។
ប្រភពបានបន្តទៀតថា ស្ត្រីជនជាតិថៃទាំង២នាក់នេះ មានគោលដៅធ្វើដំណើរចេញពីកម្ពុជាឆ្ពោះទៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។ ហើយថ្នាំញៀនដែលស្ត្រីជនជាតិថៃទាំង២នាក់លាក់ទុកក្នុងការបូបនោះគឺជាថ្នាំប្រភេទ មេតំហ្វេតាមីន។
បច្ចុប្បន្ន ស្ត្រីជាជនសង្ស័យទាំង២នាក់និងវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ៕