សមត្ថកិច្ច បញ្ជូនខ្លួនក្រុមចោរវៃប្លន់នៅខណ្ឌដង្កោ៣នាក់ទៅតុលាការ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ខែតុលា ឆ្នាំ២០១៩ នេះនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជូនខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណី ឃាតកម្ម(វ៉ៃប្លន់សម្លាប់)ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីឲ្យចាត់ ការបន្ដតាមនីតិវិធី ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ
-ទី១ឈ្មោះ អឿង ភាព ភេទប្រុសអាយុ៤៣ឆ្នាំជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួល ភូមិប៉ប្រកខាងត្បូងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ ។
-ទី២ ឈ្មោះ ណោម ពៅ ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិខ្មែរមុខរបរជាងសំណង់ ស្នាក់នៅភូមិសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
-និងទី៣ ឈ្មោះ ប៉ុក សុខនីភេទប្រុស អាយុ៤២ឆ្នាំជនជាតិខ្មែរ មុខរបរបើកបររថយន្ត(ទទួលផលចោរកម្ម) ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ ។
សូមជម្រាបថា ជនសង្ស័យទាំង៣នាក់ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបាន នៅវេលាម៉ោងជាង៩យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីក្រុមជន សង្ស័យទាំង៣នាក់សហការគ្នាវ៉ៃប្លន់សម្លាប់យកម៉ូតូ កាលពីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០ ១៩ នៅលើផ្លូវលំវាលស្រែ ស្ថិតនៅភូមិខ្វា សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។
គួររំលឹកថា បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់នៅកណ្តាលផ្លូវ ក្នុងភូមិខ្វិត សង្កាត់សាកសំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យជាករណីឃាតកម្មវៃសម្លាប់ប្លន់យកម៉ូតូ ដោយហេតុការណ៍នេះបានកើតឡើងនឹងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦នឹង៣០ព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៩ ។
សមត្ថកិច្ចបញ្ជាក់ថាសពបុរសខាងលើមានឈ្មោះ មែក ភីន អាយុ ២៩ឆ្នាំ មុខរបរជាងកញ្ជក់ នឹងរត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលម្តុំផ្សារជិនជូរីផ្លាហ្សា ខណ្ឌពោធិសែនជ័យ នឹងមានស្រុកកំណើតនៅភូមិសំឃ្លី ឃុំព្រែកខ្លា ស្រុកកោះអណ្តាត ខេត្តតាកែវ ។
សមត្ថកិច្ចបានបន្តទៀតថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានមនុស្សស្លាប់ ភ្លាមៗកម្លាំងនគរបាលប៉ុស្តិសាកសំពៅបានសហការជាមួយកម្លាំងជំនាញនៃអធិការខណ្ឌដង្កោបានចុះមកពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុឃើញក្បែរសាកសពមានកាំភ្លើងជ័រមួយដើម មួកសុវត្ថិភាព នឹងកញ្ជក់ម៉ូតូ ហើយនៅលើដងខ្លួនមានស្នាមរបួស នៅកញ្ចឹងក នឹងឆ្អឹងជំនី ។
តាមសាច់ញាតិសពបុរសខាងលើបានអោយដឹងថា ជនរងគ្រោះបានជិះម៉ូតូម៉ាកឌ្រឹមសង់ សេរី ២០១៥ចេញពីផ្ទះបាត់តាំងពីវេលាម៉ោង៨យប់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ ដោយទាក់ទងមិនបាននោះទេ លុះព្រឹកថ្ងៃទី១៦ ស្រាប់តែសមត្ថកិច្ចទាក់ទងមកថាជនរងគ្រោះត្រូវបានគេវៃសម្លាប់ប្លន់យកម៉ូតូបាត់ទៅហើយ ។
ក្រោយពិនិត្យរួចរាល់នឹងសាកសួរព័ត៌មានពីសាច់ញាតិសពបុរសខាងលើសមត្ថកិច្ចសន្និដ្ឋានថាជាករណីវៃសម្លាប់ប្លន់យកម៉ូតូ ដោយសារជនរងគ្រោះមុនស្លាប់បានជិះម៉ូតូចេញពីផ្ទះ ហើយខណៈនេះដែលសមត្ថកិច្ចជំនាញខណ្ឌដង្កោនឹងសមត្ថកិច្ចពាក់ព័ន្ធកំពុងធ្វើការស្រាវជ្រាវតាមចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់៕