នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់បន្ទាបពីលួចម៉ូតូបានមួយថ្ងៃ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣ ឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចម៉ូតូ និច មួយគ្រឿងបានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្ថិភាពបានរយៈពេលមួយថ្ងៃ ។
លោក ឯម ភារី នាយប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ បានឲ្យដឹងថា កាលពីថ្ងៃទី២៧ខែតុលា ឆ្នាំ២០១៩ មានករណីបាត់ម៉ូតូនិចមួយគ្រឿងនៅ ចំណុចក្នុងផ្ទះលេខ ៣៨៩ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។លោក ឯម ភារី បន្តថា បន្ទាប់ពីទទួលបានដំណឹងភ្លាមៗកម្លាំងរបស់បានចុះទៅពិនិត្យនៅកន្លែងកើតហេតុនិងឆែកកាមេរ៉ាសុវត្ថិភាព បានឃើញជនសង្ស័យ២នាក់ជិះម៉ូតូ០១គ្រឿងម៉ាកស្គូបពី ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HV-3570 មកធ្វើសកម្មភាពលួចយកម៉ូតូម៉ាកនិច របស់ជនរងគ្រោះ មានឈ្មោះ សួន មីដា ភេទ ប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលេខ ១១៨ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌ ទួលគោក មុខរបរ និស្សិត ។
លោក ឯម ភារី បន្តទៀតថា បើតាមការរៀបរាប់របស់ជនរងគ្រោះឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូ០១គ្រឿងម៉ាកនិច ពណ៍ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ1HS-7131 មកចាក់សោរទុកនៅកន្លែងធ្វើការផ្ទះលក់ថ្នាំពេទ្យផ្លូវបេតុងភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រួចចូលទៅធ្វើការនៅ ខាងក្នុងផ្ទះ លុះមកដល់វេលាម៉ោង០៣ និង៣០នាទីរសៀលថ្ងៃដដែលខ្លួនបានចេញមករកមើលម៉ូតូស្រាប់តែបាត់មិនឃើញ ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យទី៣ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកម៉ូតូមកវិញ ។
លោក នាយប៉ុស្ដិ៍បន្ថែមថា លុះដល់វេលាម៉ោង០៦និង៣០នាទីល្ងាចថ្ងៃទី២៨ខែតុលា ឆ្នាំ២០១៩ កម្លាំងល្បាតរបស់ក៏ប្រទះឃើញជនសង្ស័យម្នាក់ កំពុងជិះម៉ូតូ០១គ្រឿងម៉ាកស្គូបពីពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HV-3570 ដែលភិនភាគដូចមុខសញ្ញានៅក្នុងកាមេរ៉ាសុវត្ថិភាព ក៏ឃាត់ខ្លួនយកមកសួរនាំ ទើបដឹងថាជនសង្ស័យនិងបក្ខពួកម្នាក់ទៀតពិតជាបានធ្វើសកម្មភាពលួចម៉ូតូនិច នៅភូមិទ្រា៤ពិតមែន ហើយម៉ូតូជនរងគ្រោះនៅបក្ខពួកគេម្នាក់ទៀតកំពុងជិះគេចខ្លួន។
លោក ឯម ភារី បញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ថុល វុទ្ធីម ភេទប្រុស អាយុ២៦ឆ្នាំ ជាជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខរបរ ជាងភ្លើង ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ធី កំពុងគេចខ្លួននិងបានយកម៉ូតូជនរងគ្រោះទៅជាមួយ ពេលសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់យកមកផ្ដន្ទាទោសតាមច្បាប់។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរស្ទឹងមានជ័យ៣ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរ បាលខណ្ឌមានជ័យ ចាត់បន្តតាមនីតិវិធីច្បាប់៕