Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ជនដៃដល់បាញ់សម្លាប់បងថ្លៃត្រូវបានបញ្ជួន​ទៅឲ្យតុលាការចាត់ការតាមច្បាប់

ភ្នំពេញ៖​ នគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាន​ នគរបាលខណ្ឌទួលគោក នៅព្រឹកថ្ងៃទី​២៩ ខែ តុលាឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនជន​ដៃ​ដល់ដែលបាញ់សម្លាប់បងថ្លៃខ្លួន ឯងទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ មាស ណារ៉ា អាយុ៣០ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់នៅផ្ទះ N77H ផ្លូវលំ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ចំណែកឯជនរងគ្រោះឈ្មោះ ជួប រតនា អាយុ៤៦ឆ្នាំមុខរបរគ្រូបង្រៀននៅវិទ្យាល័យពងទឹក ស្នាក់នៅកន្លែងកើតហេតុ​ ។

សូមរំលឹកថា​ ករណីឃាតកម្មជនដៃដល់ដែលជាប្អូនថ្លៃ បាញ់សម្លាប់បងថ្លៃខ្លួនឯង នៅក្នុងផ្ទះខណ្ឌទួលគោក រាជធានីភ្នំពេញ នាវេលាម៉ោងជិត១១ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះ កើតឡើងដោយសារ គំនុំក្នុងចិត្តជាង ១០ឆ្នាំមកហើយ ។ មុនពេលធ្វើសកម្មភាពជនដៃបានហៅបងថ្លៃទៅហូបស្រាបៀរហើយសង្ឈឹមថា លើកលែងគំនុំក្នុងចិត្ត ប៉ុន្តែបងថ្លៃរូបនោះ នៅតែនិយាយពាក្យសម្តីមិនល្អលើខ្លួនដដែលទើបខ្លួនទ្រាំមិនបានក៏ធ្វើសកម្មភាពបាញ់សម្លាប់តែម្តង។

បន្ទាប់ពីធ្វើសកម្មភាពបាញ់សម្លាប់បងថ្លៃខ្លួនរួចហើយ ជនដៃដល់បានជិះម៉ូតូទៅសារ​ភាព នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣។
ជនដៃដល់បានចូលសារភាពនៅចំពោះសមត្ថកិច្ច ដោយអះអាងថា មូលហេតុដែលខ្លួន​បាញ់បងថ្លៃបែបនេះ ព្រោះមានគំនុំពាក្យសម្តីជាង ១០ឆ្នាំមកហើយ និងមានសម្ពាធពីខាងគ្រួសារ។​ ហើយខ្ញុំហៅគាត់ហូបស្រាបៀរ​មួយកំប៉ុងទៅខ្ញុំថា ខ្ញុំលើកលែងឲ្យគាត់ ប៉ុន្ដែគាត់នៅតែនិយាយពាក្យមិនល្អ ចំពោះខ្ញុំទៀត»។

ក្រោយពេលចូលសារភាពរួចហើយនោះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើទៅ​កន្លែងធ្វើសកម្មភាពឃាតកម្ម ដើម្បីស្វែងរកកាំភ្លើងសម្រាប់ធ្វើសម្មភាពនៅក្នុងផ្ទះនោះដែរ សមត្ថកិច្ចបានរកឃើញក្រដាស A4 មួយផ្ទាំង ដែលជនសង្ស័យសរសេរជាអក្សរធំៗថា«ធ្វើអ្វីមិនចេះថ្នមដៃ ប្រយ័ត្នផុតលលាដ៍ក្បាល»។

ក្រោយពលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅកាន់ ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣វិញដើម្បីកសាងសំណុំរឿងបញ្ជួន​ទៅអធិការខណ្ឌទួលគោកចាត់ការបន្តតាម​ច្បាប់​ ៕