រថយន្ត របស់បុក្គលិកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឆ្លងចរន្តប្រពន្ធ័ភ្លើងឆេះផ្អើលភ្ញៀវនិងសមត្ថកិច្ច
ភ្នំពេញ៖ រថយន្ត របស់បុក្គលិកបម្រើការងារក្នុងព្រលានយន្តហោះពោធិចិនតុង ឆ្លងចរន្តភ្លើងឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវជាតិនិងអន្តរជាតិ រួមទាំងសមត្ថកិច្ច ចុះជួយអន្តរាគមន៍ យកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង០៩និង១៥នាទីយប់ថ្ងៃទី៣០ ខែតុលាឆ្នាំ២០១៩ នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីសន្តិសុខប្រចាំការនៅក្នុងប្រលានយន្តហោះបានឲ្យដឹងថា មុនកើតហេតុ គាត់ឃើញបុរសម្នាក់ជាបុគ្គលិកបម្រើការងារនៅក្នុងព្រលានយន្តហោះបានបើករថយន្តឡិចសុីស LX470មួយគ្រឿង ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BA-1902 ចូលមកក្នុងព្រលានយន្តហោះហើយមកចតនៅកន្លែងកើតហេតុ ដូចសប់មួយដង លុះមកដល់ម៉ោងកើតហេតុគាត់ឮសំឡេងផ្ទុះហុយផ្សែងឆេះចេញជាអណ្ដាតភ្លើងខ្មួលខ្មាញ់បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវជាតិនិងអន្តរជាតិភ័យស្លន់ស្លោ ភ្លាមៗក៏មានការអន្តរាគមន៍ពីសន្តិសុខបម្រើការងារក្នុងព្រលានយន្តហោះ រួចរាយការទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍យកបំពង់ពន្លត់អគ្គីភ័យបាញ់អស់ជាច្រើនបំពង់ទើបរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃដដែល ។
សមត្ថកិច្ចសន្និដ្ឋានថា ករណីអគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តប្រពន្ធ័ភ្លើងរថយន្តទើបបង្កឲ្យមានកាឆាបឆេះបែបនេះ។ ហើយជុំវិញករណីនេះមិនបង្កឱ្យមានអ្នករងរបួសនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុរួចប្រគល់រថយន្តម្ចាស់យកទៅជួសជុលដោយខ្លួនឯង៕