អគ្គីភ័យឆេះបំផ្លាញតូបលក់ដូររបស់ប្រជាពលរដ្ឋនៅក្រោយផ្សារលើក្រុងព្រះសីហនុអស់ជាច្រើនតូប
ព្រះសីហនុ៖ តូបលក់ដូរផ្លែឈើ និងទំនិញផ្សេងៗរបស់ប្រជាពលរដ្ឋ នៅខាងក្រោយផ្សារលើក្រុងព្រះសីហនុ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃ៣១ខែតុលា ឆ្នាំ២០១៩ នៅចំណុចខាងក្រោយផ្សារលើ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងនិងខេត្តព្រះសីហនុ ។
សមត្ថកិច្ច បានឲ្យដឹងថា ខណៈ មានករណីអគ្គីភ័យឆាបឆេះកើតឡើងភ្លាមៗក្រុមរថយន្ត ពន្លត់អគ្គិភ័យ ជាច្រើនគ្រឿងបានចេញអន្តរាគមន៍ជួយបាញ់ពន្លត់យ៉ាងយកចិត្តទុកដាក់និងញាប់ជើងញាប់ដៃ រហូតដល់ម៉ោង១២និង៣០នាទីរសៀលថ្ងៃដដែលទើបរលត់ទៅវិញទាំងស្រុង ។
សមត្ថកិច្ចបន្តថា ក្នុងប្រតិបត្តិការណ៍អន្តរាគមន៍ ពន្លត់អគ្គីភ័យនោះកម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៨គ្រឿងដើម្បីបាញ់ពន្លត់ រួម ៖ រថយន្តពន្លត់អគ្គីភយ័របស់ស្នងការនគរបាលខេត្តព្រះសីហនុចំនួន២គ្រឿង,រថយន្តពន្លត់អគ្គីភ័យ កងរាជអាវុធចំនួន២គ្រឿង,រថយន្តពន្លត់អគ្គីភ័យ កំពង់ផែ ស្វយ័តក្រុងព្រះសីហនុ២គ្រឿង,និង២គ្រឿង ទៀតមកពីអង្គភាព ង ៧០០ ។ ចំណែកទំហំនៃការខូចខាតសមត្ថកិច្ចជំនាញមិនទាន់សន្និដ្ឋានបាននៅឡើយ ។
ក្នុងប្រតិបត្តិការណ៍ជួយអន្តរាគមន៍បាញ់ពន្លត់ គ្រោះអគ្គីភ័យនោះ គេបានសង្កេតឃើញ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជេីញចុះទៅជួយអន្ដរាគមដល់ទីតាំងកន្លែងកើតហេតុផងដែរ ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋដែលជាអាជីវករ នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា អគ្គីភ័យនេះ បណ្តាលមកពីការផ្សារដែករបស់ក្រុមជាងដែលជុលជួលតូប ផ្នែកតំបូល ហើយបានធ្លាក់កម្ទេចភ្លើងមកប៉ះក្រដាស និងជ័រដែលនៅខាងក្រោមទើបបណ្តាលឲ្យមានការឆាបឆេះជាអណ្តាតភ្លើងតែម្ដង ។
តែទោះជាយ៉ាង ជុំវិញករណីអគ្គីភ័យនេះមិនបង្កអោយមានមនុស្សរងរបួសនោះទេហើយ សមត្ថកិច្ចជំនាញមិនទាន់សន្និដ្ឋានថា បង្កមកពីអ្វីឲ្យពិតប្រាកដនៅឡើយទេ កំពុងធ្វើការស្រាវជ្រាវបន្ត ៕