Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

អ្នកលក់ផលិតផលតាមOnlineម្នាក់បង្ហោះ​Facebook​ចោទ​ប្រកាន់ មេធាវី កេត គន្ធាបុប្ផា និងប្អូនប្រុស ថាឆបោកលុយជិត ៣០​ម៉ឺនដុល្លារ

(ភ្នំពេញ)៖ កាលពី​ពេលថ្មីៗនេះ មានស្ត្រីម្នាក់​ដែលគេស្គាល់ថា​ ជាថៅកែលក់ផលិតផល Online ម្នាក់ឈ្មោះ អ៊ាន សៀវម៉ី បានប្រើគណនី Facebook ឈ្មោះ Siv mey Online Shop បង្ហោះសារភ្ជាប់ជាមួយរូប​ថត​ផង ដោយចោទប្រកាន់ថា លោកស្រីមេធាវី កេត គន្ធាបុប្ផា និងប្អូនប្រុសឈ្មោះ កេត កត្តញូតា បានរួមគំនិតគ្នាបោកប្រាស់ប្រាក់ថ្លៃកក់រថយន្ត ម៉ាក Rolls Royce សេរីឆ្នាំ2019 ចំនួន២៥២,០០០ដុល្លារសហរដ្ឋអាមេរិក។

យោងតាមគណនី Facebook ឈ្មោះ Siv mey Online Shop បានបង្ហោះថា «ជំរាបសួរ ពុក​ម៉ែបងប្អូនទាំងអស់គ្នា ..! សូមប្រុងប្រយត័្នចំពោះ ជនទាំងពីរនាក់បងប្អូនបង្កើតនេះផង ពីរនាក់នេះបានរួមគំនិតគ្នាបោក​ប្រាស់ប្រាក់ថ្លៃកក់រថយន្ត ម៉ាក Rolls Royce 2019ចំនួន ២៥២០០០$។ ដោយទុក​ចិត្ត ជឿជាក់លើមនុស្សរាប់អានគ្នានាំទៅ​ទិញរថយន្តពី ជនឆរបោកឈ្មោះ កេត កត្តញូតា និង បងស្រីវា ឈ្មោះ កេត គន្ធាបុផ្ផា ជា​មេធាវីទៀតបានបោះត្រាធានាដឹងលឺកិច្ចសន្យារខាងលើនេះ….តែដល់ថ្ងៃកំណត់ រថយន្ត ក៏មិនមាន សុំប្រាក់កក់វិញក៏មិនមាន ហើយខាងខ្ញុំទុកឱកាសអោយច្រើនដង​ហើយ រយលានសន្យាមកដល់ពេលនេះគឺជិតប្រាំខែហើយ។ ឥលូវនេះសមត្ថកិច្ចកំពុងតាមប្រមាញ់ …។ សូមបងប្អូនជួយស៊ែរបន្តផង ដើម្បីកុំអោយជនឆរបោកទាំងពីរនាក់​នេះមកដើរបោកប្រាស់គេបន្តទៀត សូមអរគុណ។»

ជុំវិញករណីនេះ លោកស្រីមេធាវី កេត គន្ធាបុប្ផា បានប្រាប់ អ្នកសារព័ត៌មាន​ តាមទូរស័ព្ទនៅព្រឹកថ្ងៃទី០១ខែវិច្ឆិកា​ ឆ្នាំ២០១៩​នេះ​ថា​ លោកស្រីសុំសិទ្ធិមិនបកស្រាយចំពោះការចោទប្រកាន់របស់អ្នកណាឡើយ ដោយរងចាំបញ្ជាក់ជូននាពេលក្រោយ។

លោកស្រីមេធាវី កេត គន្ធាបុប្ផា បានមាន​ប្រសាសន៍ថា «ខ្ញុំ អរគុណដែលបងខាងសារព័ត៌មាន ខលមកសុំការបញ្ជាក់ពីខ្ញុំ ប៉ុន្តែខ្ញុំសូមជម្រាបថា នៅពេលនេះខ្ញុំ សុំមិនទាន់បកស្រាយអ្វីទាំងអស់ ដោយរងចាំបំភ្លឺជាផ្លូវការនាពេលក្រោយ។ ចំពោះរឿងគេចោទប្រកាន់ខ្ញុំ ជាសិទ្ធិសេរីភាពរបស់គេ ហើយបើគេធ្វើហួសពីសិទ្ធិសេរីភាពរបស់គេ ក៏ធ្វើទៅ ចំណែកខ្ញុំក៏មានសិទ្ធិ និងវិជ្ជាជីវៈរបស់ខ្ញុំដែរ​។»

បើយោងតាមឯកសារកិច្ចព្រមព្រៀង ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ រវាងឈ្មោះ អ៊ាន សៀវម៉ី ជាភាគីអ្នកទិញ និងឈ្មោះ កេត កតញូតា ជាភាគីអ្នកលក់ គឺមានលោកស្រីមេធាវី កេត គន្ធាបុប្ផា ជាអ្នកប្រថាប់ត្រា បានឃើញ និងបញ្ជាក់ជាសាក្សី ៕