ទៀតហើយ អាគារភ្លោះ៦ជាន់នៅក្រុងព្រះសីហនុប្រេះស្រុត ត្រូវអាជ្ញាធរចុះផ្អាកការសាងសង់និងឲ្យកម្មករចាកចេញ
ព្រះសីហនុ៖ សំណង់អាគារ ភ្លោះ កម្ពស់៦ជាន់ កំពុងសាងសង់មួយកន្លែងនៅក្រុងព្រះសីហនុបានប្រេះជណ្ដើរនិងធ្នឹម បង្កការភ្ញាក់ ផ្អើលដល់កម្មករនិងប្រជាពលរដ្ឋ ត្រូវម្ចាស់អាគារឲ្យកម្មករចាកចេញកាលពីវេលាម៉ោងជាង១០ ព្រឹកថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០១៩ ដែលទីតាំងអាគារ នេះស្ថិតនៅចំណុចផ្លូវអូ២ សង្កាត់លេខ៤ ក្រុងនិងខេត្តព្រះសីហនុ ។
ប្រភពបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ភ្លាម ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងលោកអភិបាលក្រុងលោកអ៉ី សុខឡេង បានដឹកនាំកម្លាំងចុះពិនិត្យជាមួយនឹងមន្ត្រីជំនាញ នៅទីតាំងផ្ទាល់តែម្ដង។
ប្រភពបន្តថា ជុំវិញករណីប្រេះសំណង់អាគារភ្លោះនេះនៅមិនទាន់មានអាជ្ញាធរ ឬក៏ជាមន្ត្រីជំនាញ ណាម្នាក់បញ្ជាក់ថា ករណីការប្រេះនេះនឹងមានវិធានការនិងចំណាត់ការយ៉ាងណានៅឡើយទេ។ គ្រាន់តែដឹងថា ជំហានដំបូង ឯកឧត្តមអភិបាលខេត្ត បានឲ្យក្រុមកម្មករដែលស្នាក់នៅនិងកំពុងធ្វើការក្នុងអាគារ នោះ រៀបចំសម្ភារៈចេញ ជាបន្ទាន់និងមិនអនុញ្ញាតឲ្យមានការសាងសង់បន្តនោះទេ រង់ចាំឲ្យក្រុមជំនាញបច្ចេកទេសក្រសួងនិងខេត្តពិនិត្យ វាយតម្លៃជុំវិញករណីការប្រេះនេះសិន ។
ប្រភពដដែលបន្ថែមទៀតថា បើតាម មន្ត្រី ប្រធានភូមិបាលក្រុងព្រះសីហនុបានបញ្ជាក់យ៉ាងខ្លីថា សំណង់អគារនេះមានច្បាប់ប៉ុន្តែមិនទាន់រត់ការបាននៅឡើយទេ តែសាងសង់បណ្ដើររត់ការបណ្ដើរ។
សូមរំលឹកផងដែរថា នៅក្រុងព្រះសីហនុនាពេលកន្លងទៅក៏មានអាគារមួយកន្លែងប្រេះស្រុកដូចអាគារនេះដែរ ហើយត្រូវបានរដ្ឋបាលខេត្តនិងក្រសួងជំនាញធ្វើលិខិតតម្រូវឱ្យវាយកម្ទេច ចោលចៀសវាងការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញប៉ុន្តែ រហូតមកដល់ពេលនេះមានរយៈពេលជាង៣ខែហើយគេមិនឃើញអាគារមួយនេះត្រូវបានវាយកម្ទេចនៅឡើយទេ តែផ្ទុយទៅវិញបែកជាកំពុងធ្វើការជួសជុល ដូច្នេះគេមិនដឹងថា វាសនា អាគារដែលកំពុងប្រេះនេះត្រូវអាជ្ញាធរឲ្យវាយកំទេចចោលរឺ ជួសជុលឡើងវិញដូចអាគារមុន យ៉ាងណានៅឡើយទេ៕