ចាំមើលវាសនា លោក ម៉ាន់ ដេវិដ អាចជាប់ទោសទាន់ ដែរឬទេ! ខណៈ ដែលនាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យស្រាវជ្រាវឈ្មោះ ម៉ាន់ដេវិដ ដែលគំរាមបាញ់ សម្លាប់អ្នកកក់ឆ្នោតវៀតណាម
ភ្នំពេញ៖ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មួយរយៈពេល២ទៅ៣ថ្ងៃកន្លងទៅនេះ មានក្រុមមនុស្សមានគ្នា៦ទៅ៧នាក់ ដែលគេស្គាល់ថាជាក្រុមអ្នកកាងឆ្នោតវៀតណាម ដែលមានរហ័សនាម«888» បាននាំគ្នាមកនិយាយបញ្ជុះបញ្ជូល លួងលោម បុរសម្នាក់ដែលជាអាជីវករកត់ឆ្នោតវៀតណាម ឲ្យមកកត់ឆ្នោតឲ្យក្រុមខ្លួនវិញ ប៉ុន្តែការបញ្ជុះបញ្ជូលនិងបង្ខំនោះត្រូវបុរសនោះបដិសេធមិនកត់ឲ្យ ក៏ត្រូវពួកគេប្រើអំពើហិង្សាវាយ និងដកកាំភ្លើងខ្លីអាមេបញ្ជូលគ្រាប់គំរាមបាញ់សម្លាប់
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅប្លុកតូបជួលទល់មុខផ្សារកំបូលពិភពថ្មី ស្ថិតនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល ។
ប្រភពពីពលរដ្ឋរងគ្រោះបានបន្តថា ក្រុមអ្នកកាងឆ្នោតវៀតណាមដែលមានរហ័សនាម«888» បានអួតខ្លួនថាជាជំនួយការអ្នកធំឲ្យអ្នកកត់ឆ្នោត ដើម្បីប្រមូលកូនកញ្ជ្រែងឆ្នោតវៀតណាមទាំងអស់ក្នុងរាជធានីភ្នំពេញឲ្យក្រុមខ្លួន តែដោយសាមីខ្លួន(ជនរងគ្រោះ)មិនព្រមកត់ឲ្យ ស្រាប់តែក្រុមខាងលើដឹកនាំដោយបុរសជាជនសង្ស័យមានឈ្មោះ ម៉ាន់ ដេវិដ ជិះរថយន្តឡិចស៊ីសសេរីទំនើបពាក់ស្លាកលេខ(ខម2-8107) និងគ្នីគ្នា៦ទៅ ៧នាក់ មានរថយន្តភិកអាប់ ពណ៌ស ពាក់ស្លាកលេខ(ខម2-0178) មកសម្លុតចាប់រូបគាត់ ។ មិនតែប៉ុណ្ណោះបានចូលដល់ក្នុងតូបរបស់គាត់ រួចប្រើហិង្សាវាយ និងថែមទាំងដកកាំភ្លើងអាមេបញ្ជូលគ្រាប់ភ្ជង់គំរាមបាញ់សម្លាប់ចោលបើមិនព្រមកត់ឆ្នោតឲ្យពួកខ្លួន រហូតបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋផ្សេងទៀតនាំគ្នាចោមរោមមើល ទើបក្រុមជនសង្ស័យទាំងនោះនាំគ្នាជិះរថយន្តចេញទៅបាត់អស់។
ពលរដ្ឋរងគ្រោះ បានបញ្ជាក់ទៀតថា ក្នុងចំណោមបក្ខពួកជនសង្ស័យ មានបុរសម្នាក់ឈ្មោះ ម៉ាន់ ដេវិដ ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានតួនាទីក្នុងក្រុមការងារសមាគមសហសង្គ្រោះអាវុធហត្ថទៀតផង ។
ពាក់ព័ន្ធករណីខាងលើនេះលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានបញ្ជាឲ្យអភិបាលរងម្នាក់ ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ ភ្លាមៗផងដែរ ប៉ុន្តែក្រុមអ្នកកាងឆ្នោតវៀតណាមដែលមានរហ័សនាម«888» បានចាក់ចេញទៅបាត់មុនពេលដែលអាជ្ញាធរចុះទៅដល់ ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានថ្លែងប្រាប់ឲ្យដឹងថា បន្ទាប់ពីករណីខាងលើនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាអោយក្រុមអធិការកិច្ច ស្រាវជ្រាវករណីឈ្មោះ ម៉ាន់ ដេវិដ សង្ស័យជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដកកាំភ្លើងភ្ជង់គំរាមបាញ់ ពលរដ្ឋបែបនេះ ។
ប្រជាពលរដ្ឋដែលរងគ្រោះនៅតែ ទទួចសុំអោយ លោក សៅ សុខា អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេត្តាមានវិធានចំពោះមនុស្សមួយក្រុមនេះ ដើម្បីរកយុត្តិធម៌ ជួនគាត់ជាជនរងគ្រោះផង ។
សូមបញ្ជាក់ថា ជុំវិញករណីការចោទប្រកាន់ទៅលើបុរសឈ្មោះ ម៉ាន់ ដេវិដ ដែលពលរដ្ឋរងគ្រោះអះអាងថាជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស នោះរហូតមកដល់ពេលនេះ អង្គភាពសារព័ត៌មាន (កោះប៉ែន) នៅតែមិនទំនាក់ទំនងបាននៅឡើយទេ ព្រោះគ្មានលេខទូរស័ព្ទ ។ អង្គភាពរងចាំបំភ្លឺគ្រាប់ពេលវេលា ៕