ចិនកាន់ខ្លាំងហើយ ! បាញ់ប្លន់ចិនដូចគ្នានៅខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ចចាប់បាន២នាក់
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នគរបាលខណ្ឌពោធិ៍សែនជ័យ ពទ្ធ័ចាប់ជនសង្ស័យជាជនជាតិចិន បានចំនួន២នាក់ ចំណែកបក្ខពួកគេផ្សេងទៀតរត់គេចខ្លួនបាត់ ការចាប់ខ្លួននេះធ្វើឡើង បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពចូលក្នុងហាង លក់គុជ ហីហី មួយកន្លែង ហើយបាញ់ចំនួន២គ្រាប់ដើម្បី ប្លន់យកទ្រព្យសម្បត្តិ
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងជាង១១ព្រឹកថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០១៩ នៅចំណុចខាងក្រោយផ្សារ ឯករាជ្យ១ ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ម្ចាស់ហាងលក់ គុជ ដែលជាជនជាតិចិន ២នាក់ប្ដីនិងប្រពន្ធបានអង្គុយនៅក្នុងផ្ទះ ស្រាប់តែមានជនជាតិចិនមួយក្រុមគ្នាប្រហែល៤នាក់ មានកាំភ្លើងខ្លីនិងដំបងឆក់គ្រប់ដៃ បានចូលទៅភ្ជង់ គំរាមប្លន់ម្ចាស់ហាង ។
ប្រភពបន្តថា ភ្លាមៗនោះស្ត្រី ជាម្ចាស់ហាងបានស្ទុះចេញពីក្នុងផ្ទះ ហើយចាក់សោរពីខាងក្រៅ ទើបក្រុមជនសង្ស័យជាជនជាតិចិន ដែលនៅខាងក្នុង បានព្យាយាមបាញ់ផ្តាច់សោរដើម្បីរត់គេចខ្លួន។
ប្រភពដដែលបានបន្ថែមទៀតថា បន្ទាប់ពីទទួលបានព័ត៌មានករណីផ្ទុះអាវុធ ភ្លាមៗនោះ កម្លាំងនគរបាល ប៉ុស្តិ៍ចោមចៅទី១ សហការជាមួយកម្លាំងព្រហ្មទណ្ឌ និងកម្លាំងអាវុធហត្ថខណ្ឌពោធិសែនជ័យ បានដាក់កម្លាំងឡោមព័ទ្ធចាប់ឃាត់ខ្លួនក្រុមជនសង្ស័យជនជាតិចិន បានចំនួន២នាក់និងដកហូតកាំភ្លើងខ្លីមួយដើម ម៉ាកK59 និងគ្រាប់៦គ្រាប់ ។
ក្រោយឃាត់ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅទី១ ដើម្បីកសាងសំណុំរឿងបញ្ចួនទៅកាន់ អធិការ នគរបាលខណ្ឌពោធិសែនជ័យ ចាត់ការបន្តតាមច្បាប់។ ចំណែកជនរងគ្រោះ២នាក់ប្ដីនិងប្រពន្ធក៏បានទៅដាក់ពាក្យផងដែរ ។ ដោយឡែនជនសង្ស័យ ផ្សេងទៀតដែលរត់គេចខ្លួនសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរកចាប់ខ្លួនបន្តទៀតផង ៕