Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បញ្ជួនជនសង្ស័យជនជាតិចិន​ ចាប់ជំរិតទា​ប្រាក់ចិនដូចគ្នាទៅតុលាការ

ភ្នំពេញ៖​ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យ​ប្រឆាំងការជួញដូរមនុស្ស និងការពារ អនិតិជន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាន​បញ្ជូនជនសង្ស័យជាជនជាតិចិន ចំនួន០៥​នាក់​ទៅតុលាការ ក្រោមការចោទប្រកាន់ពីបទ បង្ខាំងមនុស្សទុកជំរិតទាប្រាក់ រំលោភ​លើលំនៅដ្ឋាន បង្ខាំងអាជីវកម្ម និងធ្វើឲ្យបាត់បង់ការងារ​ ដែលប្រព្រឹត្តកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចហាង ស៊ីន វ៉ាងដា (ខេមបូឌា) អ៊ិន វេស ម៉ិន អ.ក ផ្ទះលេខ​128A7AB ភូមិ១ សង្កាត់ទន្លេបាសាកខណ្ឌចំ​ការមន រាជធានីភ្នំពេញ។
ជនសង្ស័យ ទាំង០៥នាក់ រួមមាន៖
១. ឈ្មោះ វ័ង ជីងប៉ង (WANG.JINBO) ភេទប្រុស អាយុ៤៩ឆ្នាំ
២. ឈ្មោះ លី ជីយ៉ាង (LI JI YAN) ភេទប្រុស អាយុ៣៥ឆ្នាំ
៣. ឈ្មោះ ថាង វ៉ៃ ភេទប្រុស អាយុ៣៥ឆ្នាំ
៤. ឈ្មោះ ជេរ ឈីង (JIA GUING) ភេទប្រុស អាយុ៣៣ឆ្នាំ
៥. ឈ្មោះ ស៊ូន ស៊ីង (SUN XIN) ភេទប្រុស អាយុ ២៩ឆ្នាំ

បើតាមរបាយការណ៍ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា តាមរយៈព័ត៌មានរបស់សាក្សីម្នាក់ ជាជនជាតិខ្មែរ បាន​រាយការណ៍ ថាមានចិនមួយក្រុម បានអុកឡុកហាងបាយមួយកន្លែងនិងបានបង្ខាំងជនជាតិចិនម្នាក់ក្នុង ហាងបាយនោះ ដើម្បីគម្រាមទារប្រាក់ ទៀតផង។ បន្ទាប់ពីបានទទួលព័ត៌មាន កម្លាំងជំនាញនៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារ អនិតិជន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចាត់វិធានការចុះបង្ក្រាបនិង ឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយអនុឡោមតាមការណែនាំរបស់ព្រះរាជអាជ្ញា ក្រោមទម្រង់ជាការស៊ើបអង្កេតជាក់ស្តែង និងមានការ​ចូលរួមពីមន្ត្រីមូលដ្ឋាន ចៅសង្កាត់និងមេភូមិផងដែរ។
ក្រោមវិធានការជំនាញ របស់សមត្ថកិច្ចកង​រាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពថា ពួកគេពិតជា បានធ្វើសកម្មភាពបង្ខាំងមនុស្ស បង្ខាំងទីតាំងហាង ស៊ីន វ៉ាងដា(ខេមបូឌា)អ៊ិនវេសមិន បណ្តេញភ្ញៀវដែលមកស្នាក់នៅ ក្នុងសណ្ឋាគារ រួមនិងបណ្តេញបុគ្គលិកដែលធ្វើការនៅទីនោះចេញពិតប្រាកដមែន ដោយក្នុងនោះឈ្មោះ វ័ង ជីងប៉ង (WANG.JINBO) ជាមេក្លោង បានបញ្ជាឲ្យកូនចៅ០៤នាក់ទៀត បិទទ្វារចាក់សោរបង្ខាំងមេការគ្រប់គ្រងទូទៅក្នុងហាង ស៊ីន វ៉ាងដា(ខេមបូឌា)អ៊ិនវេសមិន ចាប់ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីទុកជំរិតទារប្រាក់ចំនួន 30,000$ (បីម៉ឺនដុល្លារអាមេរិក) ពីថៅកែដែលនៅឯប្រទេសចិន៕