ចាប់ចោរឆក់ទូរស័ព្ទដៃវ័យក្មេងម្នាក់ប្រគល់ឲ្យសមត្ថកិច្ចវាយខ្នោះ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវប្រជាពល រដ្ឋដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីស្ត្រីម្នាក់បានសម្រេច រួចព្យាយាមជិះម៉ូតូគេច
ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០១និង៤០នាទីរំលងអាធ្រាត្រចូលថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
បើតាមសម្ដីស្ត្រីរងគ្រោះបានប្រាប់ថា មុនពេលកើតហេតុ រូបគាត់បានដកទូរស័ព្ទតេទៅបងប្អូន ខណ:មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូហុងដា សង់ប៊ិច ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1BK-5702 ជិះមកពីក្រោយរួចបានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃរបស់គាត់បានសម្រេច រួចនាំគ្នាជិះគេចខ្លួន តែត្រូវប្រជាពលរដ្ឋ ឃើញហេតុការជួយដេញតាមរហូតមកដល់ផ្លូវលេខ៣០៦ ក្នុងសង្កាត់បឹងកេងទី១ ខណ្ឌបឹងកេង ទើបចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលបឹងកេងកងទី១ ចំណែកបក្ខពួកគេម្នាក់ទៀតបានរត់គេចខ្លួនបានស្រមោល ។
ប្រភពដដែលបានបន្តថា បន្ទាប់ពីនគរបាលប៉ុស្តិ៍បឹងកេងកងទី១បានសួរនាំនិងធ្វើកំណត់ហេតុរួច ក៏ប្រគល់អោយទៅនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមចាត់ការបន្តតាមច្បាប់ព្រោះជាទឹកដីកើតហេតុ ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ច នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមកសាងសំណុំរឿងបញ្ជូនទៅ អធិការដ្ឋានខណ្ឌមានជ័យ ចាត់ការតាមនិតិវិធីច្បាប់ និងបាន ប្រគល់ទូរសព្ទ័ជួនជនរងគ្រោះវិញ។ ដោយជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួន សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់៕