គ្រាន់តែចូលថ្ងៃបុណ្យអ៊ុំទូកទី២ភ្លាមអគ្គីភ័យឆាបឆេះ បំផ្លាញហាងលក់គ្រឿងទូរសព្ទ័និងហាងកាត់សក់អស់២ខ្នង
ភ្នំពេញ៖ ហាងលក់សំភារៈទូរស័ព្ទ និងហាងកាត់សក់ ចំនួន២ខ្នងជាប់គ្នាត្រូវអគ្គីភ័យឆាបឆេះ សន្ធោសន្ធៅបំផ្លាញទ្រព្យសម្បត្តិនិងសម្ភារៈទូរសព្ទ័មួយចំនួនធំ
ហេតុការណ៍គ្រោះអគ្គីភ័យនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១និង៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២០០២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញ ផ្សែងហុយចេញពីហាងទាំង២ រួចបង្កចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈម្ចាស់មិននៅបាននាំគ្នាទៅដើរលេងបុណ្យអ៊ុំទូកបាត់អស់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចេញរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ឲ្យរលត់ទៅវិញជាស្ថាពរ ក្នុងរយៈពេលប្រហែល៣០នាទី ។
សមត្ថកិច្ចបានអោយដឹងថា ក្នុងកិច្ចប្រតិបត្តិការណ៍ពន្លត់នោះកម្លាំងជំនាញបានប្រើប្រាស់រថយន្តអគ្គីភ័យជួយអន្តរាគមន៍បាញ់ពន្លតចំនួន៤គ្រឿង ទើបបាញ់រលត់ ។
សមត្ថកិច្ចបន្តថា សំណាងហើយមិនមានអ្នករងរបួសនៅក្នុងករណីអគ្គីភ័យនេះ គ្រាន់តែខូចខាតសំភារៈក្នុងហាងទាំង២ មួយចំនួនធំរួមមានគ្រឿងទូរស័ព្ទដៃ និងម៉ូតូធំមួយគ្រឿងនៅក្នុងហាងកាត់សក់ ។
ចំពោះមូលហេតុអគ្គីភ័យនេះសមត្ថកិច្ចជំនាញមិនទាន់ដឹងច្បាស់នៅឡើយទេរងចាំក្រុមការងារជំនាញស្រាវជ្រាវបន្ថែមដើម្បីរកមូលហេតុពិតប្រាកដ៕