ម្ចាស់មិននៅឆ្លងចរន្តអគ្គិសនីឆេះផ្ទះខ្ទេចម៉ត់គ្មានសល់
បាត់ដំបង៖ ( បឋម ) ផ្ទះប្រជាពលរដ្ឋមួយខ្នងធ្វើអំពីឈើលើថ្មក្រោម ត្រូវបានអគ្គីភ័យឆាបឆេះ សន្ធោសន្ធៅបំផ្លាញ អស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច
ហេតុការណ៍គ្រោះអគ្គីភ័យ នេះកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី១៦ខែវិច្ឆិកាឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងប្រលិត ឃុំសន្តិភាព ស្រុកសំពៅលួនខេត្តបាត់ដំបង។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅក្បែកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះ មុំ មានប្ដី ជាជនជាតិថៃ មិនបាននៅផ្ទះនោះទេ ដោយចាក់សោរទៅធ្វើការកាប់អំពៅ លុះដល់ម៉ោងកើតហេតុ ស្រាប់តែគេឃើញមានផ្សែងហុយ ចេញផ្ទះរងគ្រោះ ហើយបង្កជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ តែម្ដង ។
ប្រភពបន្តថា ភ្លាមៗនោះប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានបានចេញរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់អោយរលត់ទៅវិញទាំងស្រុងតែជាអកុសល ផ្ទះមួយខ្នងដែលធ្វើពីឈើលើ ថ្មក្រោម ត្រូវភ្លើងឆេះបំផ្លាញអស់ទាំងស្រុង តែមិនបណ្ដាលអោយមានមនុស្សណាម្នាក់រងរបួសនោះទេ ។
សមត្ថកិច្ចបានសន្និដ្ឋានថា ករណីអគ្គីភ័យនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ទើបបង្កឲ្យមានជាអគ្គីភ័យតែម្ដង ។
សមត្ថកិច្ចបន្តថា ក្នុងហេតុកាគ្រោះអគ្គីភ័យខាងលើ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿងរួមមាន ៖ រថយន្តអគ្គីភ័យ របស់អធិការដ្ឋានស្រុកសំពៅលួន មួយគ្រឿង -រថយន្ត អគ្គីភ័យ របស់អធិការស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យមួយគ្រឿង-រថយន្តអគ្គីភ័យ របស់អធិការស្រុកភ្នំព្រឹក មួយគ្រឿងនិងរថយន្តអគ្គីភ័យ របស់ប្រទេសថៃ នៅជាប់ព្រុំដែនចំនួន២គ្រឿងផងដែរ ។ ចំពោះទំហំនៃការខូចខាតទ្រព្យសម្បត្តិនៅមិនទាន់ដឹងច្បាស់នៅឡើយទេ គ្រាន់តែដឹងថា ផ្ទះមួយខ្នងធ្វើពីឈើលើថ្មក្រោម ត្រូវភ្លើងឆេះអស់ទាំងស្រុង៕