Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

មន្ត្រីរបស់សារព័ត៌មាន Fresh News ប្រចាំតុលាការក្រុងភ្នំពេញម្នាក់ត្រូវនគរបាលយាមតុលាការនេះ ចោទថាជាក្រុមប្រឆាំងនៅពេលលោកចុះយកព័ត៌មាន

(ភ្នំពេញ)៖ លោក ជួន សុជាតិ ដែលជាអ្នកយកព័ត៌មានប្រចាំសាលាដំបូងរាជធានីភ្នំពេញ របស់អង្គភាពសារព័ត៌មាន Fresh News ត្រូវបានលោកនគរបាលពាក់ស័ក្តិ៣ម្នាក់ឈ្មោះ នួន ចិន្តា ជានគរបាលតម្រួតបទបញ្ជាប្រចាំតុលាការនេះ ចោទប្រកាន់ថា ជាក្រុមប្រឆាំង។

លោក នួន ចិន្តា បានចោទប្រកាន់ថា លោក ជួន សុជាតិ ជាក្រុមប្រឆាំង នៅគ្រាដែលភ្នាក់ងារយកព័ត៌មានប្រចាំសាលាដំបូងរាជធានីភ្នំពេញ របស់អង្គភាពសារព័ត៌មាន Fresh News រូបនេះ ចុះទៅផ្តិតយករូបភាព បងប្អូនប្រជាពលរដ្ឋលើកគ្នាទៅតវ៉ានៅមុខតុលាការពាក់ព័ន្ធករណី មានដំណឹងថា តុលាការបានដោះលែងក្រុមជនសង្ស័យ ២នាក់ ដែលវាយអ្នកកាសែតនៅក្នុងខណ្ឌទួលគោក។ 

លោក ជួន សុជាតិ ភ្នាក់ងារយកព័ត៌មានប្រចាំសាលាដំបូងរាជធានីភ្នំពេញ របស់អង្គភាពសារព័ត៌មាន Fresh News បានបញ្ជាក់ នៅពេលលោកថតរូបបងប្អូនប្រជាពលរដ្ឋដែលលើកគ្នាមកតវ៉ាមុខតុលាការ ស្រាប់តែមានមន្ត្រីម្នាក់ឈ្មោះ សួស វិទ្យារ៉ានលឌី មានតួនាទីជាអនុប្រធានលេខាធិការដ្ឋាន នៃសាលាដំបូងរាជធានីភ្នំពេញ ចេញមកសួរ នគរបាលយាមមុខតុលាការថា «គាត់ [លោក ជួន សុជាតិ] ជាអ្នកណា?»។

ស្រាប់តែពេលនោះ លោកនគរបាលឈ្មោះ នួន ចិន្តា ឆ្លើយតបទៅលោក សួស វិទ្យារ៉ាន់ឌី វិញថា «វា [លោក ជួន សុជាតិ] ជាពួកប្រឆាំង គ្មានអាណានិយាយវាស្តាប់ទេ»។

លោក ជួន សុជាតិ បានបញ្ជាក់ពីជំហររបស់លោកថា ប្រសិនបើលោកនគរបាលឈ្មោះ នួន ចិន្តា មិនព្រមសុំទោសលោកជាសាធារណៈនោះទេ លោកនឹងដាក់ពាក្យប្តឹងមន្ត្រីរូបនេះតាមផ្លូវច្បាប់។

លោក ជួន សុជាតិ បានចាត់ទុកការចោទប្រកាន់រូបលោកជាក្រុមប្រឆាំង ពីសំណាក់លោកនគរបាលឈ្មោះ នួន ចិន្តា និងបក្ខពួក គឺជាការប្រមាថ និងលាបពណ៌ បង្កឲ្យមានការរើសអើងចំពោះរូបលោកដែលជាអ្នកសារព័ត៌មានអាជីពម្នាក់ និងមួយវិញទៀត ការចោទប្រកាន់បែបនេះ បានសបញ្ជាក់ថា លោកនគរបាលឈ្មោះ នួន ចិន្តា និងមន្ត្រីឈ្មោះ សួស វិទ្យារ៉ាន់ឌី គឺជាសកម្មភាពផ្ទុយពីគោលនយោបាយ និងការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកំពុងស្នើសុំឲ្យមានការអនុគ្រោះចំពោះបងប្អូនប្រជាពលរដ្ឋស្លូតត្រង់ដែលចាញ់បោក មេឧទ្ទាម សម រង្ស៊ី។

លោក ជួន សុជាតិ បានគូសបញ្ជាក់សារជាថ្មីថា បើគ្រាន់តែលោកចុះទៅយកព័ត៌មានតាមវិជ្ជាជីវៈ និងមានស្ថាប័នត្រឹមត្រូវ បែរជាលោកនគរបាលឈ្មោះ នួន ចិន្តា និងមន្ត្រីឈ្មោះ សួស វិទ្យារ៉ាន់ឌី ចាត់ទុករូបលោកជាក្រុមប្រឆាំងទៅហើយ ទំរាំតែប្រជាពលរដ្ឋធម្មតា តើលោកទាំង ២នាក់នេះនឹងចោទប្រកាន់ លាបពណ៌យ៉ាងទៅ? តើទង្វើទាំងអស់នេះ ចាត់ទុកថា ជាការអនុវត្តតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន កាលពីព្រឹកមិញដែរឬទ?