ផ្ទះប្រជាពលរដ្ឋ១០ខ្នងត្រូវអគ្គីភ័យឆាបឆេះគ្មានសល់
ភ្នំពេញ៖ អគ្គីភ័យឆាបឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋទាំងកណ្ដាលអាធ្រាតអស់ចំនួន១០ខ្នងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានកាលពីវេលា ម៉ោង០១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០២ខែកក្ដដាឆ្នាំ២០១៨ស្ថិតក្នុងភូមិទួលរការសង្កាត់ ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះនោះមានទំហំ ចាប់ពី ៥ម*៦ម និង៥ម*៨ម ធ្វើអំពីឈើលើថ្មក្រោម ប្រក់ស័ង្កសី ឆេះអស់ទាំងស្រុងចំនួន១០ខ្នង ។ ហើយការអន្តរាគមន៍ក្នុងករណីនេះដែររថយន្ដពន្លត់អគ្គីភ័យបានមកដល់កន្លែងកើតហេតុចំនួន២២គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១៩ឡានទើបគ្រប់គ្រងស្ថានការបានទាំងស្រុង ដោយមិនបណ្ដាលឲ្យមានអ្នករង របួសនោះទេ ។ ដោយឡែកចំពោះមូលហេតុនៃបង្កឲ្យមានអគ្គិភ័យនេះ សមត្ថកិច្ចបានឲ្យដឹងថា បណ្តាល មកពីឆ្លងចរន្តអគ្គីសនី ។
ប្រជាពរដ្ឋដែលនៅជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បានលឺសំលេងផ្ទុះយ៉ាងខ្លាំងលុះពេលចេញមកមើលស្រាប់តែឃើញអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅទៅហើយ រួចក៏នាំគ្នាជួយបាញ់ទឹកពន្លត់តែដោយភ្លើងឆេះខ្លាំងពេកទើបរាយការណ៍ទៅសមត្ថកិច្ចអោយចេញរថយន្ដពន្លត់អគ្គីភ័យជួយអន្តរាគមន៍បាញ់ពន្លត់ដោយប្រើរយៈពេលជិតមួយម៉ោងទើបអគ្គីភ័យរលត់ទៅវិញទាំងស្រុង ៕