ចិនបើករថយន្តឡិចសុីសលឿនមិនប្រយត្ន័ជ្រុលបុករថយន្ត Ford ខូចខាតទាំងសងខាង
ភ្នំពេញ៖ ដោយសារការបើកបរខ្វះការប្រុងប្រយ័ត្ន បណ្តាលអោយរថយន្តពីរគ្រឿងបុកគ្នារងការខូចខាតទាំង២គ្រឿង
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល៥ព្រឹកថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៩ នៅចំណុចស្តុបទួលទំពូងផ្លូវ១៦៣កែងផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក Ford ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AK-5701ធ្វើដំណើរតាមបណ្តោយមហាវិថីម៉ៅសេទុង ទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម ខណៈមកដល់ចំណុចស្តុបទួលទំពូង ស្រាប់តែមានរថយន្តឡិចសុីស ពណ៌សមួយទៀតពាក់ស្លាកលេខភ្នំពេញ2AQ-6142បើកបរនិងរួមដំណើរដោយជនជាតិចិន មួយក្រុម ធ្វើដំណើរតាមបណ្ដោយផ្លូវ១៦៣ទិសពីជើងមកត្បូងយ៉ាងលឿនមិនប្រយត្ន័ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តFord ពេញទំហឹងបណ្តាលឲ្យរថយន្តឡិចសុីសខូចខាតផ្នែកខាងមុខទាំងស្រុង ចំណែក រថយន្តFord ខ្ទាតទៅមុខជាង១០០ម៉ែត្ររងការខូច ខាតចំហៀងខាងស្តាំ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ រួចបានទំនាក់ទំនងទៅនគរបាលជំនាញចរាចរណ៍មកវាស់វែងស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមច្បាប់នៅពេលក្រោយ៕