បង្ក្រាបល្បែងអនឡាញ២កន្លែងនៅក្រុងប៉ោយប៉ែត ឃាត់ជនបរទេសនិងខ្មែរជាង២០០នាក់
បន្ទាយមានជ័យ ៖ កម្លាំងនគរបាលចម្រុះដឹកនាំដោយលោកនាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និង លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង តេង សាម៉ៃ នៃអយ្យការអមសាលាដំបូង ខេត្ត បានចុះត្រួតពិនិត្យ ទីតាំងដែលសង្ស័យថាមានបង្កប់ល្បែងអនឡាញខុសច្បាប់ចំនួន២កន្លែង ដោយខ្លួនឃាត់ជនជាតិបរទេសជិត២០០នាក់និងខ្មែរ១២នាក់
ប្រតបត្តិការណ៍បង្ក្រាបល្បែងអនឡាញនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៩ នៅចំណុចភូមិក្បាលស្ពាន២សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានអោយដឹងថា ទីតាំងដែលកម្លាំងចុះបង្ក្រាបនោះមាន ៖ ទី១-នាគទិព្វ២(មានច្បាប់អនុញ្ញាតបើកកាសុីណូ តែមិនមានច្បាប់ឲ្យលេងល្បែង?) ។
-ទីតាំងទី២ -នៅផ្ទះល្វែងក្រុមហ៊ុនភើរ៉ាមែក(paramex)(គ្មានច្បាប់អនុញ្ញាត)ទីតាំង២នៅក្នុងភូមិក្បាលស្ពាន២សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យអោយដឹង នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ក្នុងប្រតិបត្តិការណ៍បង្ក្រាបនោះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២០៩នាក់ក្នុងនោះ ស្រី១៣០នាក់ មាន៧សញ្ញាតិរួមមាន៖ ជនជាតិថៃ១៨៣នាក់ស្រី១១៨នាក់ -ឥណ្ឌា០៣នាក់ប្រុស-ម៉ាឡេស៊ី០២នាក់ស្រី -ឥណ្ឌូនេស៊ី២នាក់ – តៃវ៉ាន់០២នាក់ប្រុស-ឡាវ០៥នាក់ស្រី០៤នាក់ – ខ្មែរ១២នាក់ ស្រី០៦នាក់ ។ និងបានដកហូតវត្ថុតាងមួយចំនួន រួមមាន៖ កុំព្យូទ័រចំនួន១០គ្រឿង ទូរស័ព្ទដៃមួយចំនួន។
លោកស្នងការបានឲ្យដឹងទៀតថា ក្រោយពីធ្វេីការត្រួតពិនិត្យរួចរាល់ហេីយ សមត្ថកិច្ចជំនាញបានសម្រេច ឲ្យជនជាតិខ្មែរចំនួន១២ នាក់ស្រី០៦នាក់ ត្រឡប់ទៅលំនៅដ្ឋានវិញ។
ចំណែកជនជាតិបរទេសចំនួន១៩៧នាក់ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងដើម្បីចាត់តាមនីតិវិធីបន្ត។
ចំពោះទីតាំង សមត្ថកិច្ចសម្រេចបិទស៊ីល(ឬខ្សាេសោរជ័រ)អគារទីតាំងកាសុីណូទាំងខាងលើជាបណ្ដោះអាសន្ន ៕