ឆក់ទូរសព្ទ័មិនបានសម្រេច ត្រូវប្រជាពលរដ្ឋដេញចាប់បានម្នាក់
ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានប្រជាពលរដ្ឋចាប់បានវាយបែកមុខបែកមាត់ទើបប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីពួកគេជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិបរទេសម្នាក់មិនបានសម្រេចហេតុការណ៍នេះបាន បង្កកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង២០ នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ២០៨ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យដែលចាប់បានមានឈ្មោះ សិទ្ធវិច្ឆិកា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់ម្តុំទួលសង្កែរ ខណ្ឌឬស្សីកែវ ។ ចំណែកបក្ខពួកម្នាក់ទៀតដែលរត់ខ្លួនមានឈ្មោះ ហៃ ។ តាមការរៀបរាប់របស់ជនសង្ស័យបានឲ្យដឹងថា មុនកើតហេតុរូបគេនិងបក្ខពួកបានជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីកពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1AQ-6877បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិបរទេសម្នាក់កំពុងជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកនៅចំណុចមុខរោងកុនលុច្យតាមបណ្តោយផ្លូវព្រះនរោត្តម កែងនិងផ្លូវ១៧៨ ក្នុងសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ តែមិនបានសម្រេច ខណៈនោះក៍មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមកពីក្រោយបានឃើញហេតុការស្រែកថាចោរៗ រួចជិះដេញពួកគេទាំងពីរនាក់មកដល់ចំណុចកើតហេតុធ្វើឲ្យពួកគេភ័យស្លន់ស្លោដួលម៉ូតូបណ្តាលឲ្យប្រជាពលរដ្ឋចាប់បានម្នាក់វាយបែកមុខបែកមាត់រួចប្រគល់ជូនសមត្ថកិច្ចភ្លាមៗចំណែកបក្ខពួកគេម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងរាំងបន្តដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។ ចំណែកជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងនោះទេ៕