ឆក់ទូរសព្ទ័បានសម្រេចតែគេចមិនរួចត្រូវនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចាប់វាយខ្នោះ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបាននគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ឃាត់ខ្លួន បន្ទាប់ពីពួកគេ ធ្វើសកម្មភាពឆក់ទូរសព្ទ័ពីបុរសម្នាក់បានសម្រេចតែរត់មិនរួច
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៩នៅចំណុចផ្លូវ៣០ម៉ែត្រ ភូមិទ្រា៤ សង្កាត់សង្ទឹមានជ័យទី៣ ខណ្ឌមានជ័យ ។
លោក ឯម ភារី នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ កោ សំនៀង ភេទប្រុសអាយុ១៩ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងបក្ខពួកដែលបានរត់គេចខ្លួនមានឈ្មោះ អាណា អាយុ១៨ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។
ចំណែកជនរងគ្រោះមានឈ្មោះ ប៉ូ សុខ ញ៉ន ភេទប្រុសអាយុ២៧ឆ្នាំមុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខHD១៦ ផ្លូវលំ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
លោកនាយប៉ុស្ដិ៍បានបន្តថា បើតាមការឲ្យដឹងពីជនរងគ្រោះ នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកអាយខន ពណ៌ផ្កាឈូក មកពីម្ដុំក្រុមហ៊ុន ហុងដា ផ្លូវវេងស្រង រួចបានបត់ចូលផ្លូវ៣០ម៉ែត្រ ខណៈជិះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម មកទន្ទឹងជនរងគ្រោះហើយបានធ្វើសកម្មភាពឆក់ទូរសព្ទ័ ដែលជនរងគ្រោះ ដាក់នៅខាងមុខបានសម្រេច រួចជិះគេចខ្លួន តែត្រូវជនរងគ្រោះជិះម៉ូតដេញតាមស្រែកឆោឡោ ស្របពេលនោះកម្លាំងនគរបាលប៉ុស្ដិ៍ កំពុងល្បាតក្បែរនោះជួយអន្តរាគមន៍ដេញរហូតជនសង្ស័យដួលម៉ូតូត្រូវសមត្ថកិច្ចចាប់ខ្លួនបានម្នាក់យកមកសួរនាំ ។ ចំណែក ម្នាក់ទៀតព្យាយាមលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕